ឃាតកបាញ់សម្លាប់ថៅកែទឹកសុទ្ធ ឃុំខ្លុងពពក ស្រុកទឹកផុសកាលពី៣ខែមុនត្រូវសមត្ថកិច្ចចាប់បាន និង បង្ហាញមុខនៅពេលនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ដោយពាក់ព័ន្ធនឹងករណីរឿងឃាតកម្ម បាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធ នៅអំឡុងខែឧសភា ឆ្នាំ២០១៨ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចបង្ហាញមុខកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្ត្រីអង្គការមួយ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្រាវជ្រាវដោយយកចិត្តទុកដាក់ទៅតាមជំនាញនោះ គឺសមត្ថកិច្ចបានយកម៉ូតូ១គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យក្រោយពីបាញ់សម្លាប់ជនរងគ្រោះ បើកគេចខ្លួន រួចទុកចោលកណ្តាលវាលស្រែ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ឃាតកម្មខាងលើនេះ គឺជារឿងមនុស្សប្រុស៣នាក់ ស្រឡាញ់មនុស្សស្រីមេម៉ាយម្នាក់ ក្នុងនោះមានអ្នកទី១ គឺជនងគ្រោះ អ្នកទី២ គឺជនសង្ស័យ និងអ្នកទី៣ គឺជាអ្នកកាសែតម្នាក់ទៀត ។ ប៉ុន្តែក្រោយពីជនទី៣ ដកខ្លួនចេញ គឺជនស្ស័យបានប្រចណ្ឌ នឹងជនរងគ្រោះ ដែលស្រឡាញ់គ្នាលួចលាក់ជាមួយជនរងគ្រោះ ទើបជនសង្ស័យមានគំនុំមកបាញ់សម្លាប់ជនរងគ្រោះតែម្តង ។ ទោះបីបែបនេះក៏ដោយ ជនសង្ស័យមិនបានសារភាពនៅក្នុងរឿងឃាតកម្មនេះឡើយ ប៉ុន្តែមានសាក្សីជាច្រើនអ្នកបានឆ្លើយថា ម៉ូតូដែលគេប្លុងចោលនៅកណ្តាលវាលស្រែក្រោយពេលកើតហេតុ ដែលនៅជាមួយម៉ូតូកញ្ចាស់នោះមាន ការ៉ុងស១ គ្រាប់អាកា៤៧ចំនួន៤គ្រាប់ និងបាយ១ប្រអប់ ពិតជារបស់ជនសង្ស័យពិតមែន ។

គួររំលឹកថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៥០នាទីយប់ នៅផ្ទះសិប្បកម្មផលិតទឹកសុទ្ធឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ត្រូវបានជនពុំស្គាល់មុខបិទមុខជិតស្លៀកពាក់ខោអាវប៉ារ៉ា ប្រើកាំភ្លើងអាកា៤៧ ចូលបាញ់ប្រហារជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្រោមរថយន្តដឹកទឹកសុទ្ឋរបស់ខ្លួននៅមុខផ្ទះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ នៅព្រឹកថ្ងៃទី១៧ ខែឧសភា បានរកឃើញ ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា ហ្វ្រេស ពណ៌ផ្ទៃមេឃ និងគ្រាប់កាំភ្លើងអាការ៤៧ចំនួន៤គ្រាប់នៅក្នុងការរ៉ុង ដែលប្លុងចោលកណ្តាលវាលស្រែ ចម្ងាយពីកន្លែងកើតហេតុប្រមាណ១គីឡូម៉ែត្រ ដែលសមត្ថកិច្ចកំណត់ថា ជាម៉ូតូជនដៃដល់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print