យូរី តំណាងឲ្យសិល្បករកម្ពុជាចេញទៅច្រៀងនៅចិន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញាយូរីបានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃទី១០ខែកញ្ញានេះ បន្ទាប់ពីនាងត្រូវបានជ្រើសរើស តំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើងនៅក្រុងណាននីងខេត្តក្វាងស៊ីនៃសាធារណៈរដ្ឋប្រជាមានិតចិន។

​តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងទទួលបានឱកាសចេញទៅច្រៀងតំណាងឲ្យកម្ពុជាចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសចិនជាលើកដំបូងនេះ។ តារារូបនេះបានបញ្ជាក់ថានាងបានត្រៀមរួចជាស្រេចដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួមដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ។ នាងបន្តថា មុនពេលចាកចេញនាងបានហ្វឹកហាត់ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងថ្មីដែលកម្មវិធីផ្តល់ឲ្យដើម្បីឲ្យប្រាកដថានឹងអាចធ្វើបានល្អនៅពេលច្រៀងរាំនៅលើឆាកអន្តរជាតិ និងតំណាងឲ្យជាតិ ជាមួយនឹងការត្រៀមរួចជាស្រេចនូវសម្លៀកបំពាក់ទាំងសម័យ និងប្រពៃណី។ នាងថាព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចាចារ្យ និងកម្មវិធីសិល្បៈមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍Nice TV ផងដែរ ដែលនាងរំពឹងថាប្រជាពលរដ្ឋខ្មែរនឹងបានទស្សនាដោយផ្ទាល់ និងបង្ហាញពីអារម្មណ៍មោទភាពស្របពេលដែលកម្ពុជាក្លាយជាប្រទេសដែលជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរ។ យើងទាំងអស់គ្នាមានកិត្តិយសនិងមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រធានបទសំខាន់ក្នុងពិព័រណ៍នេះ(country of honor for the 15th CAEXPO)នេះជាការបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗរបស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិមួយនេះ។

​គួរបញ្ជាក់ដែរថាចាប់ពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៨ ពិព័រណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី ១៥ នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងណាននីងខេត្តក្វាងស៊ី។កម្ពុជាមានកិត្តិយសនឹងក្លាយជាប្រទេសប្រធានបទចម្បងមួយ(country of honor for the 15th CAEXPO)នៃការពិព័រណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី ១៥។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញជាអតិបតីចូលរួម ក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ៕

ដោយ វឌ្ឍនា

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print