ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសម្នាក់ចិត្តសឿង យកភ្លើងដុតផ្ទះរបស់ខ្លួនឯងចោល បន្ទាប់ពីសុំយកប្លង់ផ្ទះពីម្តាយយកទៅបញ្ចាំដើម្បីទិញម៉ូតូ មិនបាន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
កូនប្រុសដែលដុតផ្ទះម្តាយចោលនោះ មានឈ្មោះ លឹង ឆើត អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំខាងលើ រស់នៅជាមួយឪពុកម្តាយ ។
ស្រ្តីជាម្តាយឈ្មោះ លឹង ហាន បានប្រាប់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានសុំប្លង់ដីផ្ទះដែលរស់នៅសព្វថ្ងៃ យកទៅបញ្ចាំដើម្បីទិញម៉ូតូយកមកជិះ ប៉ុន្តែគាត់មិនអោយនោះទេ ព្រោះថាខ្លាចពុំមានលទ្ធភាពសងគេរ ។ នៅពេលដែលឭម្តាយប្រាប់ថាមិនអោយ កូនប្រុស ឈ្មោះ លឹង ឆើត ក្តៅឆេវតែម្តងរួចក៍បានទាញយកស្លឹកត្នោត៣ធាង យកទៅដុតផ្ទះតែម្តង បើទោះបីហាមឃាត់យ៉ាងណាក៍កូនប្រុសរូបនេះ មិនស្តាប់ដែរ ។ បណ្តាលអោយផ្ទះ១ខ្នង មានទំហំ៥គុណនឹង៤ ប្រក់ស្លឹក ជញ្ជាំងស្លឹក ដែលធ្លាប់តែជ្រកកោន នោះឆេះអស់រលីង គ្មានសល់អ្វីនោះទេ ។
កូនប្រុសនេះត្រូវបានកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា