ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីរបញ្ចប់ការងារដកស្ទូងស្រូវនារដូវវស្សា គេសង្កេតឃើញថា នៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋជាទូទៅឃើញមានស្រ្តី២ទៅ៣នាក់ អង្គុយខាងក្រោមផ្ទះ ម្នាក់អ្នកចាក់ និង ម្នាក់ទៀតអ្នកគោះនៅលើកីតម្បាញមួយដែល បានក្រងរួចជាស្រេច ។
ភូមិអណ្តូរនុក ឃុំត្រងិល ស្រុកកំពង់លែង គឺជាភូមិមួយដែលមានប្រជាពលរដ្ឋភាគច្រើនប្រកបរបកសិកម្ម ដាំដុះ ប៉ុន្តែក្រោយពីរដូវដកស្ទូងបានបញ្ចប់ ឃើញប្រជាពលរដ្ឋនៅក្នុងភូមិនេះមានមុខរបរមួយទៀត គឺត្បាញកន្ទេលកក់លក់ គ្រប់ខ្នាតគ្រប់ទំហំ មុខរបរមួយនេះគឺមានតាំងពីយូរណាស់មកហើយ ។
ស្រ្តីម្នាក់ឈ្មោះ វ៉ន ចន្ធី អាយុប្រមាណជាង៣០ឆ្នាំ ដៃទាំងពីរកំពុងកាន់ឈើចាក់ភ្ជាប់ជាមួយនិងដើមកក់ ចាក់ចូលក្នុងខ្សែកីតម្បាញ និង ម្នាក់ទៀតជាអ្នកគោះកន្ទេល បានប្រាប់ថា គាត់ចេះត្បាញកន្ទេលនេះ តាំងតូចៗមកម្លេះ គឺចេះតាមឪពុក ម្តាយ តៗគ្នាមក ។ កាលពីនៅរៀន នៅពេលដល់រដូវនេះ គាត់តែងតែជួយកិច្ចការនេះ ក្រោយពីទំនេរពីរៀនសូត្រ ហើយអ្នកភូមិនេះចេះត្បាញកន្ទេលកក់នេះស្ទើរតែគ្រប់គ្នាទៅហើយ ។
គាត់បានប្រាប់ទៀតថា ដើម្បីបានកន្ទេលមួយ គឺយើងត្រូវការបស់ជាច្រើន ដូចខ្សែប្រចៅ ដើមកក់ លាក់ពណ៌ ដែលវត្ថុធាតុដើមទាំងនេះ គឺដាំដោយខ្លួនឯង លើកលែងតែលាក់ពណ៌ប៉ុណ្ណោះដែលទិញគេ ។ ក្រោយពីបានខ្សែប្រចៅ និង កក់ស្ងួតជ្រលក់ពណ៌រួចមក គឺ យើងរៀបចំកីតម្បាញដើម្បីត្បាញ ដែលកន្ទេលមួយគឺប្រើមនុស្ស២នាក់យ៉ាងតិច គឺម្នាក់អ្នកគោះ និង ម្នាក់អ្នកចាក់កក់ចូលទៅតាមខែ្សប្រចៅដែលបានក្រងតាមពុម្ពកីតម្បាញ ។
ក្នុងមួយថ្ងៃ គាត់អាចត្បាញកន្ទេលបាន២ទៅ៣កន្ទេល តាមសភាពជាក់ស្តែង ទៅតាមទំហំ របស់កន្ទេលនីមួយៗ ។បើទោះបីការងារមួយនេះ មានការលំបាកច្រើនតែ ពួកគាត់នៅតែសប្បាយរីករាយជាមួយនិងការងារមួយនេះ ព្រោះជាមុខរបរមួយដ៍សំខាន់ សម្រេចបំបាត់ការអផ្សុកក្រោយពីទំនេរពីការដកស្ទូង ។
ស្រ្តីរូបនេះបានប្រាប់អោយដឹងទៀតថា កន្ទេលមួយអាចលក់បានតម្លៃចាប់ពី៤ម៉ឺនរៀលឡើងទៅ ហើយក្នុងមួយរដូវៗ គាត់អាចត្បាញកន្ទេលបានប្រមាណពី ៧០ ទៅជាង១០០កន្ទេល ។ ការត្បាញកន្ទេលនេះគឺបើអ្នកដែលមានគ្នាតិច ឬ តែម្នាក់ឯងគឺត្រូវធ្វើរបរ នេះដោយប្រវ៉ះដៃគ្នា(គឺជួយគ្នាម្តងម្នាក់) ។
ចំពោះទីផ្សារកន្ទេលកក់នេះ មិនសូវមានបញ្ហានោះទេ ក្រោយពីត្បាញកន្ទេលចប់សប់គ្រប់ មានឈ្មួញមកទិញយកដល់ផ្ទះតែម្តង ហើយក្នុង១រដូវនេះ គឺគាត់អាចរកលុយបានគ្រាន់បើដែរ ពី៣លានរៀល ទៅ៤លានរៀល ឬច្រើនជាងនេះ ។
ក្រោយពីបញ្ចប់របត្បាញកន្ទេលនេះ គឺអ្នកភូមិមួយនេះ បានធ្វើបុណ្យមួយ គឺបុណ្យផ្កាកន្ទេល ដើម្បីហែរកន្ទេលនេះយកទៅវត្តណាមួយដែលខ្វះខាតកន្ទេលសម្រាប់ប្រើប្រាស់ នៅក្នុទីអារាមនេះ ។ ប្រសិនបើបងប្អូនដែលចង់បានកន្ទេលកក់ដែលល្អ ហាប់ណែននិងប្រើប្រាស់បានយូ នោះអាច មករកទិញ កន្ទេលកក់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ ចន្ថា