ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបាក់ជើងនិងដៃ បន្ទាប់ពីយុវជនទាំងពីរនាក់នេះបានជិះម៉ូតូទៅបុករថយន្តក្រុង ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចស្ពានស្វាយទង ក្នុងភូមិសាស្ត្រភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះ ម្នាក់ឈ្មោះហួច គឹមហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ហួច សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់បាក់ជើង និងដៃ បែកក្បាល ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូឌុបគ្នា រស់នៅភូមិត្រពាំងជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាលេខ បាត់ដំបង 3A-0220 ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បួង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ONG ១១៣.១-០០៣ ជាម៉ូតូរបស់សមាគមន៍ភ្នំនាងកង្រី បើកក្នុងល្បឿនយ៉ាងលឿន និងបានបើកមកចូលខាងស្តាំរថយន្តរួចបុករថយន្តពេញមួយទំហឹងបណ្តាលអោយប៉ើងខ្ទាត និងស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែកើតហេតុ ។ ចំណែកឯម្នាក់ទៀត បានរងរបួសធ្ងន់ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងបានឈប់រថយន្តចុះរត់គេចតែម្តង ។
មធ្យោបាយបង្កទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា