ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តពីក្រោយ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-3500 មានឈ្មោះចក់ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិក្រាំងទាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តដែលឈប់ចតនៅចិញ្ចើមផ្លូវមិនបានដាក់ភ្លើងសញ្ញាសំគាល់ ជាប្រភេទរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ក្រហម របស់ក្រុមហ៊ុន SCG ពាក់ស្លាកលេខ ស្វាយរៀង 3A-1309 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
នគរបាលចរាចរណ៍ស្រុកអង្គស្នួលបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងគ្មានពាក់មួកសុវត្ថិភាពនោះទេ ហើយបើកក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ចំណែករថយន្តដឹកដីខូចឈប់ចតនៅចិញ្ចើមផ្លូវដោយមិនមានដាក់សញ្ញាសំគាល់នោះឡើយ។ លុះទៅដល់កន្លែងកើតហេតុស្រាប់តែបុកគូថរថយន្តពីក្រោយពេលទំហឹង បណ្តាលអោយបុរសនោះបោកក្បាលជារថយន្តស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើងហើយ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
...
ដោយ៖ សណ្តោស