ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៤ និងវិច្ឆិកា ឆ្នាំ២០១៥នៅវេលាម៉ោង១៣ និង៣០នាទី នគរបាលស្រុកឧដុង្គដឹកនាំដោយលោកវរសេនីយ៍ត្រី ពីងពៅអធិការរងនគរបាលស្រុកទទួលបន្ទុកព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដេលធ្វើសម្មភាពលួចគោអ្នកស្រុក២ក្បាល ។
លោកវរសេនីយ៍ត្រី ពីអពៅបានអោយដឹងថាករណីនេះសមត្ថកិច្ចរបស់លោកឃាត់ខ្លួនជនសង្ស័យនៅចំណុចដីចំការមួយកន្លែងខាងជើងភូមិចាអោកចំងាយ១០០០ ម៉ែត្រស្ថិតក្នុងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមាន ឈ្មោះសេម វិត ‘ខ្មៅ’ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងអារីយ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់គោមានឈ្មោះ ខុនទូច ភេទប្រុស អាយុ៤៨ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
លោក ពីអពៅ បានបន្តថាជនសង្ស័យត្រូវកម្លាំងរបស់លោកឃាត់ខ្លួនបានខណៈដែលធ្វើសកម្មភាពលួចគោអ្នកស្រុកប្រុងយកទៅលក់។ ជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចរបស់លោកតាមដានជាយូរមកហើយ ពេលនេះត្រូវជាប់ខ្នោះជាមួយនឹងវត្ថុតាងជាក់ស្តែង ។
តាមការរៀបរាប់របស់ឈ្មោះ ខុនទូច ភេទប្រុស អាយុ៤៨ឆ្នាំដែលជាម្នាស់គោបានអោយដឹងថា មុនពេលកើតហេតុគឺរូបគាត់បានដឹកគោ២ក្បាលទៅចងអោយស៊ីស្មៅនៅចំណុចដីចំការមួយកន្លែង ហើយក៏ដើរត្រឡប់មកផ្ទះវិញជាធម្មតា ។ ប្រភពបន្តថាមួយសន្ទុះក្រោយមកមានប្រជាពលរដ្ឋម្នាក់រត់ទៅប្រាប់ថាមានមនុ្សស្សប្រុសម្នាក់កំពុងតែដឹកគោរបស់គាត់ ពេលនោះផងដែរគាត់ក៏បានរាយការណ៏ទៅសមត្ថកិច្ចស្រុកអោយជួយអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យ ។ ម្ចាស់គោបន្តថាមួយសន្ទុះក្រោយមកឃើញវត្តមានរបស់លោកអធិការរងដឹកនាំកម្លាំងមកដល់ហើយតាមស្វែងរកជនសង្ស័យរហូតឃាត់ខ្លួនបានតែម្តង ។
លោកអធិការរងបានប្រាប់អោយដឹងផងដែរថា ក្រោយឃាត់ខ្លួនជំនាញបានកសាងឯកសារបញ្ជូនជនសង្ស័យរូបនេះទៅកាន់ស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ រីឯសត្វគោទាំង២ក្បាលសមត្ថកិច្ចបានបំពេញបែបបទប្រគល់អោយម្ចាស់វិញហើយ ៕
ដោយ៖ សេនាស័ក្តិ