ខ្យល់ព្យុះកំពុងវាយប្រហារតំបន់ជាច្រើនលើពិភពលោក

ចែករំលែក៖

បច្ចុប្បន្ន ខ្យល់ព្យុះទ្រង់ទ្រាយធំ កំពុង តែវាយប្រហារនៅអាមេរិក និងតំបន់ អាស៊ាន បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ ការរស់នៅរបស់ពលរដ្ឋ ។

នៅអាមេរិក ព្យុះឈ្មោះFlorence កំពុងតែបោកបក់មកលើតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបានព្រមានពីគ្រោះថ្នាក់ ដល់អាយុជីវិតបង្កឡើងដោយសារតែព្យុះមួយនេះ នៅរដ្ឋ North Carolina និងរដ្ឋ South Carolina ពេលដែលព្យុះ Florence ធ្វើដំណើរឆ្ពោះទៅកាន់ដីគោកជាមួយនឹងខ្យល់បក់ក្នុងល្បឿន១៥០គ.មក្នុង១ម៉ោង។ ផ្ទះប្រជាពលរដ្ឋជាង១០ម៉ឺនខ្នង ត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី ខណៈដែលស្ថានភាពអាកាសធាតុកាន់តែអាក្រក់ទៅ។

ក្រុមមន្រ្តីបានព្រមានថា ព្យុះមួយនេះ មានសក្តានុពលដែលអាចសម្លាប់មនុស្សច្រើនណាស់ ស្របពេលដែលមានហានិភ័យខ្ពស់ពីគ្រោះថ្នាក់ដោយសារទឹកជំនន់។

ដោយឡែក មនុស្សជាង១លាននាក់ នៅតាមតំបន់ឆ្នេរនៃរដ្ឋ North Carolina, South Carolina និងរដ្ឋ Virginia ត្រូវបានគេបញ្ជាឲ្យជម្លៀសខ្លួនចេញផងដែរ។

ចំណែកនៅតំបន់អាស៊ានវិញ មាន ប្រទេសជាច្រើនកំពុងប្រឈមនឹងការវាយប្រហារដោយ ព្យុះMangkhut។ នៅពេល នេះពលរដ្ឋ ហ្វុីលីពីន រាប់ម៉ឺននាក់បានចាប់ផ្តើមជម្លៀសខ្លួនចេញពីតំបន់ឆ្នេរប្រទេសហ្វុីលីពីនហើយ ខណៈដែលព្យុះកំបុតត្បួង កំពុងបក់បោកឆ្ពោះមកកាន់ប្រទេសមួយនេះ ។ព្យុះទីហ្វុង Mangkhutដែលកំពុងធ្វើដំណើរក្នុងល្បឿន២៥៥គីឡូម៉ែត្រក្នុង១ម៉ោង នឹងបោកបក់មកដល់តំបន់ជ្រោយ ខាងជើង កោះ លីហ្សុន នាចុងសប្តាហ៍នេះ ហើយ ។

សាលារៀន និងការិយាល័យធ្វើការជាច្រើនកន្លែង ត្រូវបានបិទទ្វារ ហើយក្រុម ប្រជាកសិករ កំពុងព្យាយាមសង្រ្គោះផល ដំណាំរបស់ពួកគេផងដែរ ។ប្រជាពលរដ្ឋ ១០លាននាក់ បានស្ថិតនៅលើផ្លូវដំណើរ ព្យុះ Mangkhutជាមួយនឹងមនុស្សរាប់លាននាក់ទៀត នៅតំបន់ឆ្នេរភាគខាងត្បូងប្រទេសចិន ។

សូមបញ្ជាក់ថា ប្រទេសហ្វុីលីពីន រងគ្រោះដោយសារតែព្យុះប្រហែលជា២០ ក្នុង១ឆ្នាំ ហើយក្រុមអ្នកព្យាករណ៍ អាកាសធាតុ បានអះអាងថា ព្យុះ Mangkhut ជាព្យុះកំបុតត្បូងដ៏ខ្លាំងក្លាជាងគេ បំផុត គិតមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០១៨ ហើយវាមានអង្កត់ផ្ចិត៩០០គីឡូម៉ែត្រ ហើយនិងបោកបក់ក្នុងល្បឿន២០៥គីឡូម៉ែត្រក្នុង១ម៉ោង។

ចំណែកនៅក្នុងប្រទេសថៃវិញ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានឲ្យដឹងថា ព្យុះត្រូពិកចំនួនពីរកំពុងតែសំដៅមក វាយប្រហារប្រទេសថៃនៅក្នុងថ្ងៃសុក្រនេះ ហើយឥទ្ធិពលរបស់វានឹងអូសបន្លាយដល់សប្តាហ៍ក្រោយ ដែលអាជ្ញាធរថៃបានចេញសេចក្តីព្រមានថា វានឹងបង្កជាភ្លៀង ធ្លាក់ខ្លាំង ព្រមទាំងគ្រោះទឹកជំនន់ផងដែរ។

ព្យុះត្រូពិកទីមួយមានឈ្មោះថា បារី ចាត (Barijat) ត្រូវបានគេរំពឹងថា នឹងបង្កជាភ្លៀងធ្លាក់យ៉ាងគំហុកនៅប្រទេសថៃ ចាប់ពីថ្ងៃសុក្រនេះតទៅ។ លោក សេរី ស៊ូប្រាធីត (SereeSupratid) នាយកនៃ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្លាស់ប្តូរអាកាសធាតុនៃសាកលវិទ្យាល័យរាំងស៊ីត (Rangsit) បានបញ្ជាក់ថា «បារីចាតគឺមានដំណើរស្របជាមួយនឹង ព្យុះត្រូពិកមួយទៀតឈ្មោះ បេប៊ីនកា ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតខ្សោយជាងប៉ុណ្ណោះ…។ យើងរំពឹងថា ភ្លៀងនឹងធ្លាក់មកយ៉ាង ច្រើន»។

គួរបញ្ជាក់ថា ខ្យល់ព្យុះត្រូពិកទាំងពីរខាងលើនេះ ត្រូវបានផ្នែកព្យាករណ៍អាកាសធាតុជាតិរបស់ថៃអះអាងថា នឹងបង្កជាភ្លៀងធ្លាក់ច្រើនទៅលើផ្ទៃដីយ៉ាងហោចណាស់៧០ភាគរយ នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ ក្រោយ។ អ្វីដែលគួរឲ្យព្រួយបារម្ភពេលនេះ គឺគ្រោះទឹកជំនន់ និងលំហូរល្បាប់ភក់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print