ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើល្បាតពួនស្ទាក់ចាប់បានក្នុងករណី២ផ្សែងគ្នា ដោយជាប់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយ៍ភូមិឃុំមានសុវត្តិភាព លោកតែងតែដឹងនាំកម្លាំងក្រោមឱវ៉ាត ធ្វើការល្បាតពួនស្ទាក់រាល់បទល្មើសទាំងអស់ក្នុងមូលដ្ឋានជាប្រចាំ ដែលជាលទ្ធិផលកម្លាំងរបស់លោក ធ្លាប់ធ្វើការបង្ក្រាបបានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ។
ជាក់ស្ដែងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងរបស់លោកបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២ករណីផ្សែងគ្នា ៖
លើកទី១ នៅវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនសង្ស័យរូបនោះមានឈ្មោះ ជួន ចន្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០១ កញ្ចប់ថង់តូច និង សំបកថង់ប្លាស្ទិច តូចៗមួយចំនួន ។
លើកទី២ នៅវេលាម៉ោង៥ និង៣០នាទីទាបភ្លឺថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចដដែល ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ឯក ដុង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១១ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃ០១គ្រឿងចាស់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញរបស់នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើការសាកសួរ កសាងសាណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់តាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ