ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី១៦ កញ្ញា ២០១៨ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចេញដីការ ឃុំខ្លួនប៉េអឹមក្លែងក្លាយ ជម្រិតទារប្រាក់ពី ក្រុមគ្រឿងញៀនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”កំរាមយកដោយស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់អាវុធ ,បទ កាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត្ត និងបទ ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា” ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និងប្រព្រឹត្តនៅចំណុចភ្នំឱត្តុង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៨ និងនៅចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញ្ញាឭ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ កញ្ញា ២០១៨ តាមបញ្ញាត្តិមាត្រា៣៦៣ មាត្រា៣៦៦ មាត្រា៤៩០ និងមាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះរស់ ចាន់រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ មានទីលំនៅ ភូមិព្រែកផ្គាំឃុំព្រែកអន្ទះស្រុកពោធិរៀងខេត្តព្រៃវែង ។ ជននេះ មិនមានក្របខណ្ឌ ជាប៉េអឹមទេ តែក្លែង ជាប៉េអឹម។
សូមបញ្ជាក់ថា បើតាមដើមបណ្ដឹងបានអោយដឹងថាទី០១ឈ្មោះផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាជៃឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្ដាល ទី០២ឈ្មោះហុិន យន ភេទស្រី អាយុ៦០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិត្រពាំងអណ្ដូង ឃុំទំនប់ស្រុកពញាឮ ខេត្តកណ្តាល។ និងជនរងគ្រោះ២នាក់ ទី០ឈ្មោះមុំ ល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករដឹកអង្កាម ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ទី២ឈ្មោះសាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ដើមបណ្ដឹងទាំង២នាក់ខាងលើ កំពង់នៅផ្ទះរៀងខ្លួន ពេលនោះមានជនសង្ស័យឈ្មោះរស់ ចាន់រ៉ន បានជិះម៉ូតូម៉ាកC125ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ជិះពីក្រោយម៉ូតូជនរងគ្រោះឈ្មោះមុំ លក្ខ័ ភេទប្រុស និងឈ្មោះសាន់ ដារ៉ា ភេទប្រុសជាកូនប្រុសរបស់ដើមបណ្ដឹងឈ្មោះផាត់ សាម៉ុន ហើយមានដៃជាប់ខ្នោះទាំង២នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះភ្លាមជនសង្ស័យឈ្មោះរស់ ចាន់រ៉ន បាននិយាយទៅកាន់ដើមបណ្ដឹងថាកូនរបស់មីង មានថ្នាំញៀនជាប់និងខ្លួន ឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទីនេះ រឺក៏ចង់បញ្ជូនឡើងទៅលើ។ បន្ទាប់មកដើមបណ្ដឹងបាននិយាយថាមិនបាច់បញ្ជូនឡើងលើទេសម្រួលនៅទីនេះហើយ។ ពេលនោះជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងមួយនាក់៥០០ដុល្លារ និងម៉ូតូ០១គ្រឿងចំនួន៥០០ដុល្លារ ដែរ សរុបទាំងមនុស្ស០២នាក់និងម៉ូតូ០១គ្រឿងចំនួន១.៥០០ដុល្លារ ។
ពេលនោះជនរងគ្រោះក៏និយាយសុំសម្រួលជនសង្ស័យត្រឹមចំនួន ១.២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មកជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេ ដើម្បីយកលុយតែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹង មកសមត្ថកិច្ចពីរឿងហេតុខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃលាស់ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ។
តាមការចម្លើយជនសង្ស័យបានសារភាពថានៅ ពេលកើតហេតុខាងលើខ្លួនបានទទួលព័ត៌មាន បានប្រាប់ថាមានក្មេង២នាក់ជិះម៉ូតូមកយកថ្នាំញៀននៅប្រឡាយហើយឥឡូវពួកវាជិះចេញទៅវិញហើយ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុច កើតហេតុខាងលើក្មេងប្រុសទាំង០២នាក់នោះក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះឃើញមានថ្នាំញៀន០១កញ្ចប់តូចហើយខ្លួន ក៏ចាប់ដាក់ខ្នោះក្មេងនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេង នោះជិះម៉ូតូឌុបគ្នាមកផ្ទះម្តាយ ឯខ្លួនជិះម៉ូតូពីក្រោយ។ ពេលមកដល់ផ្ទះក្មេងនោះ ខ្លួនក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹង ដូចបានរៀបរាប់ខាងលើប្រាកដមែន ៕ ឆ ដា