សមត្ថកិច្ចរដ្ឋបាលជលផលនៅស្រុកកណ្តៀង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយប្រមូលបានឧបករណ៍ល្មើសច្បាប់ «ប» មួយចំនួន កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ។ ប៉ុន្តែថ្នាក់លើ (រដ្ឋបាលជលផលខេត្ត) បែរជាប្រគល់ក្បាល«ប» នោះឲ្យទៅអ្នកផ្សេង ដោយគ្រាន់តែធ្វើលិខិតកិច្ចសន្យាថា បញ្ឈប់សកម្មភាពនេសាទល្មើសច្បាប់ ។ ទង្វើរបស់«ថ្នាក់លើ» នៃខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ធ្វើឲ្យមន្ត្រីក្រោមឱវាទ អស់កម្លាំងទឹកចិត្តនឹងធ្វើការងារ។
ប្រភពរាយការណ៍ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងរដ្ឋបាលជលផលប្រចាំស្រុកកណ្តៀងបានចុះបង្ក្រាបបទល្មើសនៅភូមិ ចារុះ និងភូមិព្រែកត្របែក ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ដោយប្រមូលបានឧបករណ៍នេសាទល្មើសច្បាប់ «ក្បាលប» មួយចំនួនធំ ។ រហូតដល់ថ្ងៃទី៧ ខែកញ្ញា លោកឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានប្រគល់ «ក្បាលប» ៨គ្រឿងឲ្យទៅអ្នកផ្សេង ដែលមិនមែនជាម្ចាស់បទល្មើស ហើយបែរជាធ្វើកិច្ចសន្យាថា ប្រគល់ឲ្យម្ចាស់បទល្មើស ជាមួយនឹងកិច្ចសន្យា មិនឲ្យប្រព្រឹត្តបទល្មើសនេសាទបន្តទៀត ។ កិច្ចសន្យានោះ ធ្វើឲ្យក្រុមមន្ត្រីជលផលនៅខេត្តពោធិ៍សាត់ខកចិត្តជាខ្លាំង ព្រោះមិននឹកស្មានថា កិច្ចខិតខំធ្វើការងាររបស់ខ្លួន ត្រូវបានលោកប្រធាន«ឆាយ មន» ជាន់ឈ្លី ក្នុងផលប្រយោជន៍ណាមួយនោះឡើយ ។
គេនិយាយថា ទង្វើរបស់លោកឆាយ មន ធ្វើឲ្យមន្ត្រីនៅក្រោមឱវាទអស់កម្លាំងចិត្តក្នុងការបង្ក្រាបបទល្មើស ។ គ្នាខំចាប់ ឆ្លងកាត់ឧបសគ្គ ហាខ្យល់ហាភ្លៀង ប៉ុន្តែជាលោកអនុប្រធាន (នាយរង) ប្រព្រឹត្តអំពើមិនគប្បី ហើយមិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ឱកាសឲ្យជនល្មើសបន្តប្រព្រឹត្តល្មើសថែមទៀត ។ ករណីនេះ គួរតែអាជ្ញាធរខេត្តពោធិ៍សាត់ ក៏ដូចជាក្រសួងកសិកម្មពិនិត្យមើលករណីលោកឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់នោះផង ។ ទង្វើរបស់លោកឆាយ មន បានបំផ្លាញទឹកចិត្តមន្ត្រីក្រោមឱវាទយ៉ាងធ្ងន់ធ្ងរ ៕