ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយទៅលើប្រពន្ធនិងកូន ថែមទាំងបណ្តេញចេញពីផ្ទះទៀតផង ហើយក្នុងករណីនេះដែរ កូនស្រីប្តីដើមប្រពន្ធបុរសនេះ បានទម្លាយឲ្យដឹងថា ឪពុកចុង ធ្លាប់ប៉ុនប៉ងរំលោភមកលើកនាង២ដង និងរំលោភបានសម្រេចចំនួន១ដង ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹកថ្ងៃ សៅរ៍ ៦ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យមានឈ្មោះ រ៉េន រាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ហើយបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រពន្ធចុង សមត្ថកិច្ចបានទៅឃាតើខ្លួនដល់ផ្ទះរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាត់ការតាមច្បាប់ ខណៈដែលបុរសនេះសារភាពថា ខ្លួនគាត់ពិតជាបានប្រព្រឹត្តកំហុសដូចប្រពន្ធនិងកូន ចោទប្រកាន់ប្រាកដមែន ៕