ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកព្រូសបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់កង់បីផ្ងារជើងច្រងាង បង្កឲ្យមានអ្នករងរបួសម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុច មុខមុនីចេតិយ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ 106 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាក្សីថា ម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កំពត-1N-5890 បើកតាមបណ្ដោយផ្លូវ 106 ទិសដៅពីកើតទៅលិចមិនគោរពភ្លើងសញ្ញាចរាចរណ៍ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AD-0023 បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង បុកម៉ូតូកង់បីឥណ្ឌានោះ យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាភ្ញៀវ របស់កងបីឥណ្ឌានោះ រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះរីឯរថយន្តរងការខូចខាតផ្នែកខាងមុខ រថយន្តយ៉ាងដំណំរីឯម៉ូតូកង់បីឥណ្ឌាវិញបែកកញ្ចក់ខាងមុខធ្លាក់មកក្រោម និងក្រឡាប់ផ្ងារជើងច្រងាង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងដំណើរកាត់ហេតុវាស់វែង យករថយន្តនិងម៉ូតូកង់បីឥណ្ឌាយកទេរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ