ពលរដ្ឋស៊ីរីបាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាលើក ដំបូងរបស់ខ្លួន ចាប់តាំងពី សង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៧ឆ្នាំកន្លងមក។ ការបោះឆ្នោតកើតឡើងក្រោយពេលអុីស្រាអែល បើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងអាកាសយានដ្ឋាននៅទីក្រុង Damascus។
ការិយាល័យបោះឆ្នោត ៦.៥៥១កន្លែង បានបើកទ្វារនៅថ្ងៃទី១៦ ខែកញ្ញា ហើយ ពលរដ្ឋស៊ីរី បានបោះឆ្នោតជ្រើសរើស តំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។ សារព័ត៌មានស៊ីរី SANA បាន ផ្សាយថា មានបេក្ខភាពឃុំ-សង្កាត់ជាង៤ មុឺននាក់ ប្រកួតប្រជែងដណ្តើមតំណែងកៅ អីឃុំ-សង្កាត់ ១៨.៤៧៨កៅអី។ ការបោះ ឆ្នោត បានបិទទ្វារវិញនៅវេលាម៉ោង ៧ យប់ (ម៉ោងក្នុងតំបន់) ហើយមន្ត្រីទទួល ខុសត្រូវបានបង្កើនការ យាមល្បាតរក្សា សុវត្ថិភាពក៏ដូចជាធុងឆ្នោត។
ការបោះឆ្នោតខាងលើ គឺជាលើកទី១ ចាប់តាំងពីឆ្នាំ២០១១ មកទល់ពេលនេះ ហើយការបោះឆ្នោតកើតឡើងក្នុងពេល ដែលតំបន់ជាច្រើន នៅតែបន្តកើតមាន អំពើហិង្សាការវាយប្រហារគ្នាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ អុីស្រាអែលបានបើកការ វាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាននៅទីក្រុង Damascus សំដៅទៅលើឃ្លាំងអាវុធនៅក្បែរអាកាសយាន ដ្ឋាន។
ជាមួយគ្នានេះ ក្តីបារម្ភកើតឡើងចំពោះ ខេត្ត Idlib ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងគាំទ្រដោយលោកខាងលិច ខណៈទាហានរដ្ឋាភិបាលស៊ីរីបានត្រៀមបើកការវាយប្រហារជាទ្រង់ទ្រាយធំ ដណ្តើមគ្រប់គ្រងវិញ។ កន្លងមក ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំង ទាហានក្រុមប្រឆាំងបានបង្កើតយុទ្ធសាស្ត្រ វាយប្រហារក្លែងក្លាយដោយអាវុធគីមី ដើម្បី ទម្លាក់កំហុសទៅលើទាហានរដ្ឋាភិបាលស៊ីរី និងជាហេតុ ផលដែលអាមេរិក និង លោកខាងលិច ចាប់ផ្តើមវាយប្រហារ។
បើទោះបីបែបណាក្តី ការខិតខំស្វែងរកសន្តិភាពយូរអង្វែងនៅស៊ីរីនៅតែបន្តធ្វើឡើង។ ពេលថ្មីៗនេះ រុស្ស៊ី ទួរគី និងអុីរ៉ង់ បានអំពាវនាវដល់ក្រុមប្រដាប់អាវុធទាំងនៅក្នុងខេត្តអុីដលីប ទម្លាក់អាវុធស្វែងរក ដំណោះស្រាយដោយសន្តិភាព។ មេដឹក នាំទាំង៣ប្រទេស បានជួបពិភាក្សាគ្នានៅ ទីក្រុង Astana ប្រទេសកាហ្សាស្ថាន ដោយជំរុញឲ្យមានដំណោះស្រាយសន្តិភាពនៅក្នុងប្រទេសស៊ីរី។
ពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីតាំងអាកាសយានដ្ឋានអន្តរជាតិនៅស៊ីរី កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា អុីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Damascus ដោយមីស៊ីល។ ក្នុងពេលជាមួយគ្នានោះ ដែរ មីស៊ីលការពារដែនអាកាសស៊ីរី ក៏បានបាញ់ទម្លាក់មីស៊ីលអុីស្រាអែលជាច្រើនគ្រាប់ផងដែរ។
សារព័ត៌មានស៊ីរី SANA បានផ្សាយថា មានសំឡេងផ្ទុះគ្របដណ្តប់ពេញអាកាសយានដ្ឋាន ទីក្រុង Damascus នៅក្នុងការ វាយប្រហារដោយមីស៊ីលពីអុីស្រាអែល។ ប្រព័ន្ធការពារក៏បានបាញ់កម្ទេចមីស៊ីល របស់សត្រូវផង ដែរ។ លោក Rami Abdurrahman ប្រធានអង្គការឃ្លំាមើលសិទ្ធិ មនុស្សស៊ីរីមានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ការវាយប្រហារខាង លើ គឺសំដៅទៅលើឃ្លាំងអាវុធ នៅជិត អាកាសយានដ្ឋានខាង លើ។ អាវុធនៅក្នុងឃ្លាំងនោះគឺបញ្ជូនទៅឲ្យអុីរ៉ង់ ឬក្រុម ហេសប៊ូឡាស់នៅលីបង់។ មកទល់ពេល នេះ មិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។
អុីស្រាអែល មិនដែលទទួលស្គាល់ថា ខ្លួនវាយប្រហារស៊ីរីនាពេលកន្លងមកឡើយ ប៉ុន្តែពេលនេះបានប្រកាសថា បានវាយប្រហារដើម្បីរារាំងការដឹកជញ្ជូនអាវុធទៅឲ្យសត្រូវ។ កាលពីដើមខែកញ្ញា មន្ត្រី អុីស្រាអែលមួយរូបបានប្រកាសថា បាន បើកការវាយប្រហារជាង២០០លើកទៅលើគោលដៅរបស់អុីរ៉ង់ក្នុងទឹកដីស៊ីរី រយៈ ពេល ១៨ខែកន្លងមក៕ ម៉ែវ សាធី