ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៥កើត ថ្ងៃពេញបូណ៌មី ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលជាថ្ងៃអកអំបុក សំពះព្រះខែតាមប្រពៃណីរបស់ខ្មែរយើងនោះ នៅមជ្ឈមណ្ឌលព័ត៌មាននគរវត្ត មានរៀបចំពិធីសូត្រមន្ត អបអរពិធីអកអំបុក សំពះព្រះខែ និងលើករាសីដល់មជ្ឈមណ្ឌល ដែលពិធីនេះ ប្រព្រឹត្តទៅតាមប្រពៃណីខ្មែរ ។
ចូលរួមនៅក្នុងពិធីនេះ មានថ្នាក់ដឹកនាំ បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្តជាច្រើន និងបាននិមន្តព្រះសង្ឃចំនួន៤អង្គមកចម្រើនព្រះបរិត្ត លើករាសី សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការបំពេញភារកិច្ចការងារ ក៏ដូចជាសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអតិថិជនដែលគាំទ្រកាសែត ទស្សនាវដ្តី និងគេហទំព័រនគរវត្តទាំងអស់ ។
បន្ទាប់ពីមានពិធីចម្រើនព្រះបរិត្ត ក៏បាននិមន្តព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់ និងនៅពេលយប់ ក៏មានរៀបចំពិធីអកអំបុក សំពះព្រះខែតាមគន្លងប្រពៃណីជាតិផងដែរ ៕
ដោយ៖ ប្រាថ្នា