ខេត្តព្រៃវែង៖ អំពើហិង្សាមួយបានកើតឡើង គួរឲ្យសង្វែគ និងតក់ស្លុត ក្រោយពេលដែលបុរសជាប្តី បានយកពូថៅទៅវាយប្រពន្ធមួយពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចហើយ បានយកសាំងចាក់ដុតមកលើខ្លួនឯងរហូតស្លាប់ យ៉ាងអណោចអធម័ នៅម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង។
ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ លោក សេង សុភក្ត្រ បានប្រាប់ប្រភពព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ថា បុរសជាប្តីមានឈ្មោះ ព្រំ ផ្លង់ អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ដោយឡែកស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ាង ងួន អាយុ៦៥ឆ្នាំ។
លោក សេង សុភក្ត្រ បានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តី មានអារម្មណ៏មិនល្អ ហើយកើតជម្លោះជាមួយប្រពន្ធ ស្រាប់តែពេលនោះបានយកពូថៅវាយទៅលើប្រពន្ធ មួយពូថៅចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនសង្ស័យបានយកសាំងចាក់ ពីលើខ្លួនហើយដុតខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង។
បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ជូនកូននិងចៅ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ហេង សូរិយា