ខេត្តស្វាយរៀង៖ ដើមត្នោតរាប់រយដើមត្រូវបានក្រុមឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋស្រុករមាសហែកយកទៅលក់ប្រទេសវៀតណាមប្រមាណជាងមួយខែមកហើយ ខណៈមិនឃើញមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានអើពើឡើយ ។
ប្រភពព័ត៌មានពីមន្ត្រីសាលាស្រុករមាសហែកសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា ករណីឈ្មួញវៀតណាមមកគាស់ដើមត្នោតនេះគឺអស់រយៈពេលជាងមួយខែមកហើយដោយនៅចំណុចទួលយាយជរស្ថិតនៅ ភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែក ក្នុងតម្លៃ៤០០០០រៀលមួយដើម ដែលទិញពីប្រជាពលរដ្ឋហើយយកទៅលក់ឈ្មួញវៀតណាមក្មុងមួយដើមដែលប្រវែង៥ទៅ៦ម៉ែត្រតម្លៃ២០០ដុល្លារ។
ប្រភពបន្តថា ចំពោះអ្នករត់ការដែលនាំឈ្មួញវៀតណាមមកទិញគឺជាមន្ត្រីយោធាការពារព្រំដែនក្នុងវរ:សេនាតូចការពារព្រំដែនលេខ២០១ម្នាក់ជាអ្នកចាត់ចែងរត់ការហើយមន្ត្រីរូបនោះបានអះអាងថា បង់លុយឲ្យសមត្ថកិច្ចគ្រប់ទាំងអស់ក្នុងដើមត្នោតមួយដើមតំលៃ៣០ដុល្លារ។
បើតាមអ្នកប្រជាពលរដ្ឋស្រុករមាសហែកបានអោយដឹងថា កាលពីប៉ុន្មានឆ្នាំមុនឈ្មួញវៀតណាមចូលមកទិញដើមរាំងភ្នំរាំងទឹកដើមជ្រៃដើមពោធិឥឡូវដល់ដើតត្នោតទៀតហើយហេតុនេះសូមសមត្ថកិច្ចដែលពាក់ពន្ធ័មេត្តាទប់ស្កាត់ជាបន្ទាន់បើពុំនោះទេដើមត្នោតស្រុកខ្មែរនិងត្រូវវៀតណាមទិញយកទៅដាំអស់ជាក់ជាមិនពុំខាន។
ពាក់ពន្ធ័ករណីខាងលើនេះលោក( ពេញជា) អភិបាលស្រុករមាសហែកបានប្រាប់អ្នកសាពត៏មានថាពិតជាមានវៀតណាមចូលមកទិញដើមត្នោតនៅស្រុករមាសហែកមែនកាលពីរមួយខែមុនលោកក៏បានអោយមន្ត្រីនគបាលចុះបង្ក្រាបហើយដែរ។
ចំពោះវៀតណាមចូលមកគាស់ដើមត្នោតនៅភូមិបែកចានឃុំអង្គប្រស្រែ ស្រុករមាសហែកនោះគឺលោកមិនបានដឹងទេប៉ុន្តែចាំលោកឲ្យសមត្ថកិច្ចនគបាលចុះទៅពិនិត្យមើល។
រីឯអធិការនគបាលស្រុករមាសហែលោកសុំសំអុលកបានអោយដឹងថាលោកនិងចាត់មន្ត្រីនគបាលប៉ស្ត៍រដ្ឋបាលឃុំអង្គប្រស្រែចុះទៅបង្ក្រាបនិងចាប់អេស្កាវទរ័ដែលក្រុមឈ្មួញគាស់ដើមត្នោតនោះ ៕
ដោយ៖ យឹម សុថាន