សារព័ត៌មាន CNN បានផ្សាយថា គិត មកដល់ថ្ងៃទី១៦ ខែកញ្ញា មានមនុស្ស សរុប១៣នាក់ហើយបានស្លាប់ ដោយសារតែព្យុះហឺរីខិន Florence ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ខណៈអាជ្ញាធរ អះអាងថា ភ្លៀងលាយឡំជាមួយខ្យល់បោកបក់យ៉ាងសន្ធាប់ កំពុងតែអុកឡុកពាស ពេញក្នុងតំបន់នេះតែម្តង ខណៈឈានចូល ដល់ថ្ងៃអាទិត្យ វាបានបន្ថយឥទ្ធិពលទៅជាព្យុះត្រូពិកវិញ ប៉ុន្តែមហន្តរាយខ្លាំងក្លា នៅ តែស្ថិតចំពោះមុខដដែល។
ព្យុះហឺរីខិន Florence ដែលត្រូវបាន ចាត់ចូលក្នុងកម្រិត ១ នោះ បានមកដល់ តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុង វ៉ាស៊ីនតោន) ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិកវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅរដ្ឋ ចំនួនពីរគឺ North Carolina និង South Carolina ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវ ជាប់គាំង និងអគារ-លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់គិត មកទល់នឹង ថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរក កន្លែងមានសុវត្ថិភាព ខណៈលំនៅឋាន សរុបជាង ១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធាប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹក ជំនន់ និងការរអិលបាក់ដីនៅតាមតំបន់ មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។
បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួន ដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland ក៏ដូច ជារដ្ឋធានី Washington D.C. ផងដែរបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារ តែព្យុះហឺរីខិនកំណាច Florence នេះ៕ ម៉ែវ សាវធី