ខេត្តត្បូងឃ្មុំ ៖ ក្របីចំនួន៦ក្បាលត្រូវចោរមួយក្រុមមានគ្នាមិនតិចជាង៣នាក់បានចូលទៅលួចស្រាយចំណងក្នុងក្រោល ដែលគេធ្វើនៅក្រោយផ្ទះបម្រុងដឹកតាមរថយន្តហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះ ទ្រុងពណ៌ខៀវ១គ្រឿង មិនមានពាក់ស្លាកលេខដែលគេសង្ស័យយកទៅលក់នៅប្រទេសវៀតណាម ។ ប៉ុន្តែសំណាងល្អ រថយន្តជាប់ផុងទៅមុខមិនរួច ក៏ត្រូវអ្នកភូមិនិងសមត្ថកិច្ចតាមរកឃើញ ទើបពួកចោរគេចខ្លួនបាត់អស់ទៅទុករថយន្តនិងក្របីចោលនៅកន្លែង ។
ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង១១យប់ ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៨ក្នុងភូមិថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកអនុសេនីយ៍ឯក ទឺ សា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោងកាង បានឱ្យដឹងថា ម្ចាស់ក្របីខាងលើឈ្មោះ អឿន ចុន ភេទប្រុស អាយុ៤៧ឆ្នាំ។ នៅល្ងាចថ្ងៃនោះមុនពេលកើតហេតុបានជួបជុំមិត្តភក្តិផឹកស៊ីនៅក្នុងភូមិ តែមិនបានស្រវឹងទេ ហើយក៏បានដេកលក់មួយភាំង ។ លុះពេលដឹងខ្លួន បានបញ្ចាំងភ្លើងពិលមើលទៅក្រោលក្របីក្រោយផ្ទះ ចម្ងាយប្រមាណ១០ម៉ែត្រ ស្រាប់តែបាត់ក្របីអស់រលីងពីក្រោលទាំង៦ក្បាល ក៏ឆោឡោឡើងនិងរាយការណ៍ប្រាប់មេភូមិភ្លាមៗ ។
លោកនា យប៉ុស្តិ៍បន្តថា ពេលលោកបានព័ត៌មាននេះក៏ដឹកនាំកងកម្លាំង ចុះមកដល់ផ្ទះកើតហេតុភ្លាមៗហើយអ្នកភូមិរាប់រយនាក់ បានបែងចែកគ្នារុករកតាមគោលដៅផ្សេងៗ ម្នាក់ៗប្រដាប់ដោយដំបង កាំបិត ពិលគ្រប់ដៃ នាំគ្នាដើរតាមដានជើងក្របី ។ លុះតាមដានជើងក្របីនិងមនុស្សរហូតដល់ចម្ងាយជាង១គីឡូម៉ែត្រ ក៏ប្រទះឃើញរថយន្ត១គ្រឿងជាប់ផុងទៅមុខមិនរួច ហើយឃើញក្របីទាំង៦ក្បាលត្រូវបានគេចងនៅនឹងដើមឈើជិតរថយន្តនោះដែរ ។ ចំណែកក្រុមចោរលួចក្របីមិនដឹងជាមានគ្នាប៉ុន្មាននាក់ទេ បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ បន្សល់ទុកតែរថយន្តនិងក្របីនៅកន្លែង ។
ក្នុងប្រតិបត្តិការការនេះ ដោយមានការបញ្ជាពីលោកស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកពញាក្រែក និងមានការសហការពីសំណា ក់ប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ផងដែរ ទើបតាមប្រមាញ់រករថយន្តដឹកក្របីឃើញ ហើយ នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ក្របីទាំង៦ក្បាលត្រូវបានប្រគល់ជូនម្ចាស់វិញ និងស្រាវជ្រាវតាមរកក្រុមចោរបន្តទៀត តាមរយៈរថយន្តដែលបានបន្សល់ទុកនៅកន្លែងកើតហេតុ ។
យ៉ាងណាអ្នកស្រុកថា បើកុំឡានជាប់ផុង ម្ល៉េះក្របីទាំង៦ក្បាលចូលទៅវៀតណាមបាត់ទៅហើយ ៕