ភ្នំពេញ៖ ចុងឆ្នាំ២០១៨នេះព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ល្បីល្បាញរបស់ពិភពលោកគឺការប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨នឹងប្រារព្វធ្វើឡើងនៅព្រះរាជាណាចក្រថៃក្រោមវត្តមានកញ្ញាឯកកំពូលសម្រស់មកពីបណ្តាប្រទេសនានាពីជុំវិញពិភពលោក ។ ក្នុងនេះផងដែរកញ្ញា រឿន ស៊ីណាត ដែលនឹងក្លាយជាកញ្ញាឯកតំណាងពីព្រះរាជាណាចក្រកម្ពុជានឹងបង្ហាញវត្តមានលើវេទិការដ៏សម្បើមនេះផងដែរ។
កញ្ញារឿនស៊ីណាតកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនបន្ទាប់ពីកញ្ញាគ្រងបានតំណែងមួយនេះ ក្រោយពីនាងដណ្តើមបានជ័យលាភីលើការប្រកួតសម្រស់ក្នុងស្រុកកន្លងមក ហើយនាងក៏ជាបេក្ខនារីដែលមានសមត្ថភាពមានទំនុកចិត្តខ្ពស់ជាពិសេសកញ្ញាបានឆ្លើយសំនួរបានយ៉ាងល្អដែលគេរំពឹងថានាងនឹងលើកមុខមាត់ខ្លាំងជូនជាតិមាតុភូមិ។កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៨នឹងត្រូវប្រារព្វធ្វើឡើងនៅឯទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨ដោយធ្វើការចាក់ផ្សាយនៅលើប៉ុស្តិ៍Fox ដែលត្រូវនិងវេលាម៉ោងក្នុងស្រុកគឺម៉ោង៧ព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨។
កញ្ញាឯកវ័យ២១ឆ្នាំរូបនេះបន្តថាកញ្ញាពិតជាសប្បាយរីករាយបំផុតនិងនឹកស្មានមិនដល់ថាអាចគ្រងមកុដនេះ។កញ្ញាថា៖ “នាងខ្ញុំមានក្តីរំភើបជាខ្លាំងដោយសារតែនាងខ្ញុំបានខិតខំធ្វើការហ្វឹកហាត់ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០១៨នេះចាប់តាំងពីទទួលបានជ័យលាភីកញ្ញាឯកកម្ពុជាឆ្នាំ២០១៧មកម្លេះ”។
កញ្ញាលើកឡើងថា បេក្ខនារីដែលចូលរួមប្រកួតប្រជែង គឺសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាតព្រមទាំងមានសមត្ថភាព ដូចៗគ្នា។កញ្ញារំពឹងថាជយលាភីលេខ១ពីកម្មវិធីMiss Cambodia 2017 ពេលនេះអាចនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនឈានឡើងមួយកម្រិតទៀតដែលនឹងធ្វើឱ្យជីវភាពរបស់ខ្លួនមានកម្រិតប្រសើរជាងមុន។
គួរបញ្ជាក់ដែរថាកញ្ញារឿនស៊ីណាតបានក្លាយជាជយលាភីលេខ១ក្នុងកម្មវីធីMiss Cambodia 2017 កាលពីពេលថ្មីៗបន្ទាប់ពីយកឈ្នះបេក្ខនារី១៩នាក់ផ្សេងទៀត។កញ្ញានឹងតំណាងឱ្យកម្ពុជាទៅប្រកួតប្រជែងកម្មវិធីMiss universe 2018 នាពេលឆាប់ៗខាងមុខ។ នាងត្រៀមយករបាំបុរាណនិងក្បាច់គុនល្បុកតោទៅចូលរួមប្រឡងកម្មវិធីលំដាប់អន្តរជាតិមួយនេះ៕ ដោយ វឌ្ឍនា