ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញមន្ទីរយុត្ធិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍ ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តម្នាក់ ជាប់ចោទពីបទហឹង្សាដោយមានស្ថានទម្ងន់ទោស របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្ត។
ប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនតាមដីកាឈ្មោះ លឹម តៅឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត។
ប្រភពព័ត៌មានខាងលើបន្តថា ការដែលនាំខ្លួននេះគឺអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៨០ដខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជាប់ចោទពីបទ៖ ហឹង្សាដោយមានស្ថានទម្ងន់ទោស។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យនាំយកមកបំពេញនីតិវិធីខ្លះៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយជនត្រូវចោទក៍បានបញ្ជូនខ្លួនទៅចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ហើយដែរ៕ ដោយ បឹុម ពិន