ភ្នំពេញ៖ក្រោយបញ្ចប់ការត្រួតពិនិត្យ , អាជ្ញាធរចម្រុះ សម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិន ២កន្លែង នៅកោះពេជ្រ ដែលអត់ច្បាប់ប្រតិបត្តិការអាជីវកម្មលើសេវាកម្មផ្ញើ វេប្រាក់ ប្តូរប្រាក់ ក៏ ដូចជាប្រមែប្រមូល ប្រាក់ពីអតិធិជនក្នុងការជួញដូរកាសអេលិចត្រូនិក (digital asset/cryptocurrency)។
អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមានក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង កម្លាំងនគរបាលជាតិនៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយឈ្មោះ BIQUAN TECHNOLOGY (ប៊ីឈាន តិចណូឡូជី) ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទីតាំងមួយទៀតឈ្មោះ Hui Shang International Remittances មានទីតាំងស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យនេះ គឺ យោងតាមសេចក្តីថ្លែងការណ៍រួម រវាងធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និង ការចរាចរខុសច្បាប់ កាស់អេលិចត្រូនិក។
សមាសភាពចូលរួម មានលោកសៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា , លោកឧត្ដមសេនីយ៍ទោ មៀច ដេវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ , លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា និង មន្ត្រីមួយចំនួនទៀត ។
ក្រោយបញ្ចប់ការត្រួតពិនិត្យ , អាជ្ញាធរបានសម្រេច ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាត ឬ អាជ្ញាប័ណ្ណស្របច្បាប់ , ណាត់ជួបបង្ហាញអាជ្ញាប័ណ្ណ ឬ ការអនុញ្ញាតប្រកបអាជីវកម្ម នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីតាំងដដែល ជាមួយវត្តមានម្ចាស់ក្រុមហ៊ុន , ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាសអេឡិចត្រូនិក ប្រហាក់ប្រហែល និងប្រមូលប្រាក់ពីអតិថិជន , ត្រូវរុះរើផ្លាកអាជីវកម្មចេញ Logo Coinups និង ហាមរុះរើសម្ភារៈទាំងអស់នៅក្នុងអគារចេញពីទីតាំងដើម។
លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់អោយដឹងថា៖ សមត្ថកិច្ចនិងស្ថាប័នជំនាញបានចុះ ទៅណែនាំ តម្រូវអោយក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ និង លាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជាយើង ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបានពីជាការជួញដូរគ្រឿងញៀន ការជម្រិតទារប្រាក់ កំហែង យកតាមប្រព័ន្ធអិនធើណេត ។ល។ ដូច្នេះជនល្មើស មានឱកាសសម្អាត ប្រើប្រាស់ចរាចរណ៍ប្រាក់យកពីជនរងគ្រោះតាមរយះក្រុមហ៊ុនអត់ច្បាប់បែបនេះ និងបញ្ចៀសហិរញ្ញបឡទានភេវរកម្ម ក៏ដូចជាការពារប្រជាពលរដ្ឋ អតិថិជន កុំអោយចាញ់បោកចំពោះការបើកអាជីកម្មដែលរាជរដ្ឋាភិបាលមិនអនុញ្ញាត។
លោកបន្តថា៖ ក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង កម្លាំងនគរបាលជាតិនៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃបានធ្វើកិច្ចការពិនិត្យរដ្ឋបាលលើការបើកអាជីកម្មប្តូរប្រាក់ កាសអេឡិចត្រូនិច ពាក់ព័ន្ធនិងឯកសារផ្លូវច្បាប់ ចៀសវាងប្រជាពលរដ្ឋ អតិថិជនងាយនិងរងគ្រោះបាញ់បោកក្រុមហ៊ុនបើកអាជីវកម្មអត់ច្បាប់ទាំងនេះ។
គួរបញ្ជាក់ថា ការបើកអាជីវកម្មប្តូរប្រាក់ដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ត្រូវ មានទោសទណ្ឌដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ដូចមានចែងក្នុងជំពូក ទី២ ពីអន្តរការិយកម្មធនាគារ មាត្រា៥ក្នុងចំណុចទី៣បានបញ្ជាក់ថា ៖ អន្តរការីប្រតិស្រុតិ ក្រោមលក្ខខណ្ឌដែលមានកំណត់ ក្នុងបទបញ្ជាឲ្យផ្តល់ជូនធនាគារកណ្តាលជាទៀងទាត់ នៅ របាយការណ៍តាមកាលកំណត់ប្រតិបត្តិការផ្ទេរប្រាក់ ឬការទូទាត់ និងចលនានៃដើមទុនចេញ និងចូលដែលបានអនុវត្ត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសក្រៅទៅតាមរយៈពេល ដែលនឹងកំណត់ដោយធនាគារកណ្តាល ។ ចំណុចទី៥ក៏បានបញ្ជាក់ផងដែរថា អាជីវករប្តូរ ប្រាក់ដល់ដៃ ដែលមានទីតាំងអចល័ត ឬចល័ត អាចធ្វើការប្តូរប្រាក់បាន លុះត្រាតែទទួលការ អនុញ្ញាតជាមុនពីធនាគារកណ្តាល ។ ករណីនេះ ក៏មានចែងនៅទោសបញ្ញាតិ្តតាមមាត្រា២១ ៖ ដូចបញ្ជាក់ថា ៖ ជនណាប្រព្រឹត្តបទល្មើស និងចំណុច៣ ឬចំណុច៤ ឬចំណុច៥ នៃមាត្រា៥ ឬ ប្រព្រឹត្តនឹងមាត្រា១៧នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ និងពិន័យជា ប្រាក់ពី១លានរៀល ដល់១០លានរៀល ឬផ្តន្ទាទោសណាមួយ ក្នុងទោសទាំង២នេះ ៕
ដោយ៖ សុខខេមរា