ត្រៀមមុនភ្ជុំបិណ្ឌ នេន ទុំ បញ្ចេញបទថ្មីគាស់រំលឹកអនុស្សាវរីយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងពូកែរ៉េបមិនសំច្ចៃមាត់ នេន ទុំ ទើបនឹងជោគជ័យខ្លាំងនឹងការចេញទៅច្រៀងរាំលើទឹកដីសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅ។ វិលមកស្រុកភ្លាមតារារូបនេះរូតរះបញ្ចេញស្នាដៃថ្មីសន្លាងមួយគឺបទ”ខែភ្ជុំនឹកក្រមុំម្ល៉េះទេ” ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីបញ្ចេញភ្លាមៗ។

នេន ទុំ គឺជាតារាចម្រៀងOriginal Song ដែលធ្លាប់បានចំណាយពេលជាយូរណាស់មកហើយដើម្បីផលិតបទចម្រៀងថ្មីៗ ហើយបទចម្រៀងរបស់លោកមិនតិចជាង៤០បទទេដែលធ្លាប់បានបញ្ចេញនៅលើបណ្តាញសង្គមបែបទំនើប។ មិនចង់កប់ទុកស្នាដៃយូរ នេន ទុំបានបញ្ចេញបទថ្មីក្តៅៗគួរជាទីចាប់អារម្មណ៍មិនចាញ់បទចម្រៀង Original ពីមុននោះទេ។ បទថ្មីខែភ្ជុំនឹកក្រមុំម្ល៉េះទេបញ្ចេញភ្លាមនៅលើបណ្តាញសង្គមនានា មិនបានប៉ុន្មានម៉ោងផងបទចម្រៀងនេះមានអ្នកចូលទស្សនារាប់ម៉ឺននាក់។ នេន ទុំបញ្ជាក់ថា នេះគឺជាបទចម្រៀងសម្រាប់អបអរឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ និងចង់រំលឹកដាស់តឿនឲ្យកូនៗបាននឹកឃើញដល់ឱកាសជួបជុំសាច់ញាតិក្រុមគ្រួសារ ការំលឹកអនុស្សាវរីយ៍ពីកុមារ និងគ្រារស់នៅស្រុកស្រែចម្ការជាដើម ។ លោកថាបទចម្រៀងនេះមិនចំណាយពេលច្រើនទេទាំងនិពន្ធ បទភ្លេង និងទំនុកច្រៀងប្រមាណត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ ទោះបីជារយៈពេលខ្លីនៃការផលិតប៉ុន្តែលោកហាក់ពេញចិត្តនឹងបទនេះខ្លាំងដែលក្រៅពីជាបទថ្មី Original Song វាក៏រំលេចអត្តសញ្ញាណប្រពៃណីជាតិខ្មែរ និងមានអត្ថន័យអប់រំទូទៅបានល្អ រួមទាំងបទភ្លេងសប្បាយៗដ៏គួរឲ្យទាញចង់រាំលេងកន្សាន្ត។លោកថាជាបទចម្រៀងខ្មែររួមបញ្ចូលដោយភ្លេងសម័យ និងការរ៉េបមួយបែបថ្មី។ លោកថាបទនេះនឹងចេញថតជាវីដេអូ(MV) នៅសប្តាហ៍ក្រោយដើម្បីប្រាកដថានឹងចេញរួចរាល់មុនឱកាសភ្ជុំបិណ្ឌនេះ។

តារារូបនេះនៅតែរំពឹងខ្ពស់ថាបទចម្រៀងនេះនឹងកាន់តែទទួលបានការគាំទ្រច្រើនពីមហាជន ពិសេសជនជាតិខ្មែរដែលស្រលាញ់ចូលចិត្តសិល្បៈវប្បធម៌ប្រពៃណីជាតិ ។ លោកក៏ផ្ញើបទចម្រៀងនេះជាចំណងដៃ និងការនឹករលឹកទៅដល់ប្រជាជនខ្មែរគ្រប់រូបគ្រប់តំបន់នៅទូទាំងប្រទេស និងបងប្អូនដែលមានឈាមជ័រជាខ្មែររស់នៅប្រទេសជាដើម៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print