អ្នកដែលដំឡើងតម្លៃទំនិញតាមអំពើចិត្តនឹងត្រូវដាក់ទោសនៅវេណេហ្ស៊ុយអេឡា

ចែករំលែក៖

ពលរដ្ឋវេណេហ្ស៊ុយអេឡាបានត្អូញត្អែរជាបន្តបន្ទាប់ដោយសារតម្លៃទំនិញស្បៀងអាហារឡើងថ្លៃជាបន្តបន្ទាប់ ក្នុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។ ដើម្បីទប់ស្កាត់នូវភាពចលាចលដោយសារទំនិញឡើងថ្លៃ ប្រធានាធិបតីបានចេញបញ្ជាឲ្យដាក់ទោសដល់ម្ចាស់ហាងណាដែលដំឡើងតម្លៃខុសពីការអនុញ្ញាតរបស់ក្រសួង។

សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ បានផ្សាយថា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឲ្យដឹងថា ម្ចាស់ផ្សារទំនើប៣៤នាក់ ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ថាបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារដោយខុសច្បាប់ ខណៈប្រជាជនវេណេហ្ស៊ុយអេឡារាប់ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។

ថ្លែងនៅក្នុងសុន្ទរកថាជាមួយការខឹងសម្បាយ៉ាងខ្លាំង លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា «យើងបានឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ដែលបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារ ដោយខុសច្បាប់…ហើយខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាជនវេណេហ្ស៊ុយអេឡាទាំងអស់ហ៊ាននិយាយ និងរាយការណ៍ប្រាប់អាជ្ញាធរ បើសិនជាបានឃើញ ឬក៏ជួបប្រទះការដំឡើងតម្លៃទំនិញមិនត្រឹមត្រូវដើម្បីទប់ស្កាត់អំពើឆក់ប្លន់»។

សូមជម្រាបថា ការឃុំខ្លួនម្ចាស់ផ្សារទំនើបទាំង៣៤នាក់ខាងលើ ធ្វើឡើងនៅក្នុងបរិបទដែលលោក ម៉ាឌូរ៉ូ បានសន្យាកាលពីខែមុនថា លោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសជាតិ ដែលកំពុងជួបភាពវឹកវរ រហូតដល់បង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់រត់ភៀសខ្លួន ទៅកាន់ប្រទេសក្បែរខាង ហើយរាប់លាននាក់ទៀតកំពុងរស់នៅក្រោមភាពក្រីក្រ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print