សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Luong Cuong​ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាម ដែលបានធ្វើឡើងនៅវិមានសន្តិភាព។

លោក Luong Cuong បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលលោកបានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Luong បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោហើយក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនូវលទ្ធផលនៃការបោះឆ្នោតដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់​ និងទទួលបានដឹកនាំបន្តទៀតរបស់សម្ដេចតេជោ។​ លោក Luong ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា លោកបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា​ ទៀបាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ ហើយក៏បានជួបពិភាក្សាការងាររួមគ្នាដើម្បីវាយតម្លៃពីស្ថានភាពនយោបាយ លើពិភពលោក និងស្ថានភាពនយោបាយក្នុងតំបន់ និងការប្រឈមទាំងឡាយ​ ព្រមទាំងការរួមគ្នាដើម្បីពង្រឹងមិត្តភាពធ្វើយ៉ាងណារក្សាអោយបាននូវសុខសន្តិភាពស្ថេរភាព​ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ការផ្លាស់ប្ដូរព័ត៌មាន​ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការចូលរួមសោកស្ដាយ ចំពោះមរណៈភាព របស់លោកប្រធានាធិបតីវៀតណាម ​ Tran Dai Quang ហើយក៏បានថ្លែងអំណរគុណ ជូនចំពោះលោក Luong Cuong ដែលបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ពីលោកនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេច​។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ ​និងការលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែល​សម្រេចបាន ហើយជូនពរឲ្យទទួលបានជោគជ័យ។

ឆ្លៀតឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់វៀតណាមបានឡើយ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print