សោកនាដកម្ម​ រថយន្តបែនដឹកដីចុះពីចំណោតយាយម៉ៅ ហ្វ្រាំងមិនស៊ីបុករះរថយន្តនិងម៉ូតូ ស្លាប់ និងរបួសជិត១០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ និងស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ជាទីបំផុត ខណៈមនុស្សក្មេង ចាស់៥នាក់ផ្សេងទៀត បានរងរបួសស្រាល ធ្ងន់ ដោយសារតែរថយន្តបែនដឹកដីមួយគ្រឿង ចុះពីចំណោតយាយម៉ៅ លេងល្បឿនលឿន ដល់ពេលហ្វ្រាំងមិនស៊ី ក៏បុករះរថយន្ត និងម៉ូតូ​រហូតដល់៧គ្រឿង ដួងរណូករណែលពេញផ្លូវ​ គួរឲ្យតក់ស្លុតរន្ធត់ចិត្តជាទីបំផុត ។

សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០.០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងមុខស្ថានីយប្រេង ស៊ូគីមុិច ផ្លូវបំបែកស្ថានីយរថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបង្កឡើងដោយរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស មិនមានស្លាកលេខ នោះឡើយ បើកបរចុះមកពីចំណោតលោកយាយម៉ៅ ក្នងល្បឿនលឿន ដោយសារតែមូលហេតុមានបញ្ហាហ្វ្រាំងមិនជាប់ ក៏រុលទៅបុករថយន្ត ដែលកំពុងធ្វើដំណើរខាងមុខ រួចក៏បុករះបន្តកន្ទុយគ្នា និងមានរថយន្តតាក់ស៊ីដែលកំពុងតែចត រង់ចាំដឹកអ្នកធ្វើដំណើរផងដែរ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល និងខូចខាតរថយន្ត ម៉ូតូជិត១០គ្រឿង ។

ប្រភពបន្តថា រថយន្តដែលរងគ្រោះក្នុងហេតុការណ៍នេះ៖ ១/ រថយន្តម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2.L.0858 ជារថយន្តរបស់លោក អ៊ុក កាលីន ប្រធានច្រកកំពង់ផែសេដ្ឋកិច្ចទំនប់រលក នៃសាលាខេត្តព្រះសីហនុ, ២/ រថយន្ត តូរីស ១២កៅអី ពណ៌ស លាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D.4876, ៣/ រថយន្តម៉ាក ហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C.9963, ៤/ រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ, ៥/ រថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.9386 ។ និងខូចខាតម៉ូតូចំនួន២គ្រឿងទៀត ១គ្រឿង ម៉ាកវេវ អាល់ហ្វា ជាម៉ូតូជនរងគ្រោះ ដែលបាត់បង់ជីវិត រងការខូចខាតទាំងស្រុង និងម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ បុកដាច់ស្លាកលេខបាត់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយត្រូវបានដឹកយកទៅដំកល់ទុកនៅវត្តក្រោមហៅវត្ត ឥន្ទញ្ញាណ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ដោយឡែក វត្ថុតាងរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ ស្ទូចយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ។

នៅពេលវេលាខាងលើនេះផងដែរ ក៏មានករណីគ្រោះថ្នាក់ចរាចរមួយករណីទៀត បង្កឡើងដោយរថយន្តបុកម៉ូតូ នៅចំណុចអតីតដីក្រុមហ៊ុន អារីស្តុន ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយត្រូវបានសមត្ថកិច្ចនគរបាលដឹកយកមករក្សាទុក ជាមួយសាកសពរងគ្រោះ​ដោយរថយន្តដឹកដីបុករះខាងលើនេះដែរ។ ដោយឡែក រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានដឹកយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរខាងលើរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print