ភ្នំពេញ៖ មកទល់នឹងពេលនេះ សកម្មភាពក្នុងការដឹកខ្សាច់យកមកចាក់រំលោភយកដីបឹងសំរោង មានរយៈពេលជិត១ខែទៅហើយ បង្កឡើងដោយក្រុមហ៊ុនប៊ុន ជេស ដែលត្រូវបានគេដឹងថា ក្រុមហ៊ុននេះជ្រកក្រោមការអនុញ្ញាតពីអាជ្ញាធរចាក់ដី ខ្សាច់នៅលើដីកម្មសិទ្ធិរបស់ខ្លួន ។
ប្រជាពលរដ្ឋជាអ្នកអាស្រ័យផលនៅក្នុងបឹងសំរោងដែលជាបឹងស្ថិតនៅក្រោមអនុក្រឹត្យរាជរដ្ឋាភិបាលបានសម្តែងនូវការព្រួយបារម្ភពីការបាត់បង់បឹងធម្មជាតិ បន្ទាប់ពីមានការរំលោភយកពីឈ្មួញ និងពីអាជ្ញាធរផងដែរ ដោយពុំមានការទប់ស្កាត់ ។ ពួកគាត់និយាយថា ក្រុមហ៊ុនប៊ុនជេស ជាទូទៅដឹកខ្សាច់ស្អុយ យកមកចាក់គរ នៅពេលព្រឹក និងពេលថ្ងៃ ហើយចាប់ពីម៉ោង៤និង៥០នាទីទៅម៉ោង៥និង៣០នាទីល្ងាច ត្រូវបានប្រើគ្រឿងចក្រឈូសឆាយ រុញទម្លាក់ចូលទៅក្នុងបឹងសំរោង មកទល់នឹងពេលនេះ អាចរំលោភយកបឹងសំរោងក្នុងជម្រៅដីពី១៧៣ម៉ែត្រទៅ១៩៧ម៉ែត្រ ។
ពាក់ព័ន្ធទៅនឹងការចាក់ខ្សាច់រំលោភយកដីបឹងសំរោង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នគរវត្តមិនអាចទាក់ទងបានទេពីអាជ្ញាធរភូមិដួង និងអាជ្ញាធរសង្កាត់ព្រែកព្នៅ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោកសុខ សម្បតិ្ត អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។
សកម្មភាពចាក់ខ្សាច់រំលោភយកបឹងសំរោង អាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ព្រោះក្រុមហ៊ុនប៊ុនជេស បានបំពានទៅនឹងដីបឹងដែលស្ថិតនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងបំពានទៅនឹងច្បាប់ភូមិបាលនេះជាដើម ។ ក្នុងករណីនេះ លោកប៊ុន ជេស នាយកក្រុមហ៊ុនប៊ុនជេស បានប្រាប់នគរវត្តនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ការចាក់ដីនិងខ្សាច់នៅទីតាំងខាងលើនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងនោះ ក៏មានការអនុញ្ញាតពីខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ។
លោក ប៊ុន ជេស បញ្ជាក់ថា«ខ្ញុំមានប្លង់រឹងចំនួន២ ប្លង់រឹងទី១ មានដីទំហំ៣,៣ហិកតា និងប្លង់រឹងទី២ ទំហំ៣,៦ហិកតា ដូច្នេះ ខ្ញុំចាក់ត្រឹមតែដីរបស់ខ្ញុំ» ។
លោកហ៊ានអះអាងថា បើសិនជាខ្ញុំចាក់លើសត្រឹមតែមួយម៉ែត្រ សូមរដ្ឋអំណាចមកយកវិញ ឬធ្វើអីធ្វើចុះ ព្រោះខ្ញុំមានខាងមន្ទីរសុរិយោដីក្រុងជាសាក្សីដឹងឮ ថាចាក់តែក្នុងរង្វង់មូលដីកម្មសិទ្ធិប៉ុណ្ណោះ ។
មន្ត្រីជំនាញដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ជាធម្មតាក្រុមហ៊ុនប៊ុនជេសអាចចាក់បំពេញទៅលើដីជាកម្មសិទ្ធិរបស់ខ្លួនត្រឹមតែប្រវែងចម្ងាយដី២០០ម៉ែត្រពីផ្លូវជាតិលេខ៥ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុននេះបានចាក់គិតពីអ័ក្សផ្លូវជាតិលេខ៥មានចម្ងាយប្រវែងកន្លែងខ្លះ៣៧៣ម៉ែត្រ កន្លែងខ្លះទៀត៣៩៧ម៉ែត្រ មានន័យថា គាត់ចាក់រំលោភលើដីបឹងសំរោង កន្លែងខ្លះក្នុងចម្ងាយ១៧៣ម៉ែត្រ និង១៩៥ម៉ែត្រ ខុសពីអ្វីដែលគាត់បានលើកឡើងថា មិនបានរំលោភយកដីបឹងសំរោងនេះ ។
អាជ្ញាធររាជធានីភ្នំពេញ នគរវត្តមិនអាចទាក់ទងបានទេនៅព្រឹកថ្ងៃដដែលនេះ ប៉ុន្តែអ្នកជំនាញខាងធនធានទឹក បញ្ជាក់ថា ផ្ទៃបឹងសំរោងមាននៅក្នុងអនុក្រឹត្យ ហើយក៏ជាផ្ទៃបឹងដែលផ្តល់អាទិភាពដល់ប្រជាពលរដ្ឋអាស្រ័យផលធ្វើស្រែដំណាំ ព្រមទាំងនេសាទចិញ្ចឹមត្រី បើមានអ្នកចាក់ដី ចាក់ខ្សាច់រំលោភយកបឹង គឺជាអំពើល្មើសច្បាប់ ។
ក្រុមហ៊ុនប៊ុនជេស កន្លងទៅធ្លាប់មានភាពជោគជ័យរបស់ខ្លួនមកហើយក្នុងការបូមខ្សាច់ចាក់ទៅលើបឹងនៅជ្រោយចង្វា កសាងបុរីសុភមង្គលបានជោគជ័យ ក្នុងនោះ ក៏បន្សល់ទុកនូវការរិះគន់ពីអតិថិជនថា ក្រុមហ៊ុននេះធ្វើសំណង់ខ្ជីខ្ជារ ធ្វេសប្រហែស មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បណ្តាលឲ្យសំណង់ខ្លះស្រុតប្រេះស្រាំ ឬជាក្រុមហ៊ុនចូលចិត្តរកស៊ីចាប់ដាវ ៕
ដោយ៖ សុខ ខេមរា