ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើដំណើរទៅប៉ុស្តិ៍នគរបាលប្តីថាគូដណ្តឹងរួមទាំងមិត្តភក្តិចាប់រំលោភបូករហូតបានសម្រេចកាលពី វេលាម៉ោង៥និង១០ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីម្នាក់នោះមានអាយុប្រហែលជាង២០ឆ្នាំ ហើយមិនដឹងថានាងស្នាក់នៅទីណាពិតប្រាកដនោះទេ ម្ដងប្រាប់ថាស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះពេលនគរបាលបើករថយន្តជូនទៅរកផ្ទះ ស្រាប់តែនាងប្រែក្រឡះថាអត់ស្គាល់ទៅវិញ ទើបនគរបាលដឹកត្រឡប់ទៅប៉ុស្តិ៍វិញនិងហៅឲ្យខាងមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនាំយកទៅថែរក្សា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរូបនោះបាន ដើរម្នាក់ឯងដែលខណៈនោះមេឃមិនទាន់ភ្លឺច្បាស់នៅឡើយ។ពេលនោះកម្លាំងប្រជាការពារភូមិបានឃាត់សួរនាំហើយសួរដប់ម៉ាត់នាងឆ្លើបានមួយម៉ាត់ៗប៉ុណ្ណោះនាងបានប្រាប់ថាត្រូវយុវជនម្នាក់ឈ្មោះហៃ ត្រូវជាគូដណ្ដឹង រួមជាមួយមិត្តភក្ដិ៩នាក់ទៀតនាំទៅផឹកស៊ីកន្លែងលក់ទឹកត្នោតជូរនៅម្ដុំភូមិទួលពង្រ។
បន្ទាប់មកគូដណ្ដឹងរួមជាមួយបក្សពួក៤នាក់ទៀត បាននាំនាងយកទៅរំលោភបូក ហើយក្រោយពីនាងនិយាយបែបនេះ ប្រជាការពារបាននាំនាងទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ដើម្បីធ្វើការសួរនាំបន្ត។ប៉ុន្តែក្រោយពេលនគរបាលសួរនាំនិងស្រាវជ្រាវទើបសង្ស័យថានាងជាមនុស្សមានសតិមិនគ្រប់និងសសៃប្រសាទហើយអ្វីដែលនាងនិយាយមិនអាចយកជាការបានឡើយ៕សុខាសែនជ័យ