ខេត្តកំពង់ធំ ៖ បទល្មើសរបាំងរត់ណរ៉ាវ ជាច្រើនកន្លែង ត្រូវបានក្រុមឈ្មួញកំពុងធ្វើសកម្មភាព យ៉ាងអានាធិបតេយ្យ ដាក់រាយពាសពេញ លើផ្ទៃទឹកបឹងទន្លេសាប ខេត្តកំពង់ធំ មន្ដ្រីជំនាញឆ្លៀតឱកាស«ត្រីងៀតឆ្លៀតពង»។
បទល្មើសនេសាទទ្រុងទ្រាយធំនេះ ប្រជាពលរដ្ឋ និយាយថា មិនបានឃើញមន្រ្តីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបនោះទេ ដែលបទល្មើសនេសាទទាំងនេះ ត្រូវគេដាក់នៅពាសពេញ តាមមាត់បឹងទន្លេសាប ចាប់ពីភូមិសាស្ត្រចំណុចផ្សោត បឹងម៉ា បឹងរូងក្រពើ (ក្នុងឡូត៍អភិរក្សលេខ០២ ស្ទួន) ចំណុចក្បាលព្រោះ ចំការដំឡូង ក្នុង(តំបន់ស្នូលបរិស្ថាន) ចំណុចព្រែទាល់ ព្រែកតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋ និយាយបន្ដថា បទល្មើសរបាំងរត់ណរ៉ាវ មានប្រវែងចាប់ពី៧០០ម៉ែត្រ ទៅ១០០០ម៉ែត្រ កំពុង ប្រព្រឹតធ្វើដោយរលូន នៅក្នុងរដូវបិតនេសាទ លោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គ្រប់គ្រងតាំងពីព្រំព្រទល់សៀមរាប រហូតដល់ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធនិង ល្មើសនេសាទនេះ ទើបបណ្ដោយឲ្យដំណើរការយ៉ាងរលូនយ៉ាងដូច្នេះ ?។
ប្រភពបានឲ្យដឹងទៀតថា ការដែលបទល្មើសនេសាទប្រើឧបករណ៍នេសាទកើតឡើងយ៉ាងពេញបន្ទុក គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។
តាមសេចក្ដីរាយការណ៍ពីប្រជានេសាទនៅឃុំពាមបាង បានឲ្យដឹងទៀតថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំង ធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។
ប្រជានេសាទអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាបន្ទាន់ផងពុំដូច្នោះទេ ពូជត្រីគ្រប់ប្រភេទនិងរលាយផុតពូជ ជាមិនខាន៕ប៊ុនរិទ្ធី