កើបលុយពីបទ”មានស្រែ”ឬ ទើបអ្នកនិពន្ធចាកចេញពីផលិតកម្មថោន?

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីអ្នកនិពន្ធល្បីវ័យក្មេង លោក សយ រតនា បានប្រកាសចាកចេញពីផលិតកម្មថោន រហូតមានអ្នកចោទសួរថាព្រោះតែកើបលុយបានក្រាស់ក្រែលពីបទល្បីឈ្មោះ”មាន់ស្រែ” ទេដឹងបានជាអ្នកនិពន្ធរូបនេះស្កប់ស្កល់លែងចង់បន្តការងារទៅទៀតនោះ ។

អ្នកនិពន្ធសយ រតនា បានក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មថោនជាច្រើនឆ្នាំកន្លងមកហើយតាមរយៈការប្រកួតប្រជែងសមត្ថភាពដែលធ្វើឡើងដោយផលិតកម្មខាងលើ។ លោកចាប់ផ្តើមមានឈ្មោះបោះសំឡេងក្នុងចង្កោមអ្នកចម្រៀងក្រោយពីស្នាដៃនិពន្ធបទចម្រៀងរប់សលោកចាប់ផ្តើមមានការគាំទ្រច្រើន ទោះជាយ៉ាងណាមិនមានមហា ជនភាគច្រើនចាប់អារម្មណ៍ទៅលើឈ្មោះអ្នកនិពន្ធនោះទេ។

នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់អ្នកនិពន្ធរូបនេះបានប្រកាសថាលោកបានសម្រេចចិត្តចាកចេញពីផលិតកម្មថោន ដើម្បីបន្ត និងបញ្ចប់ការសិក្សា ហើយបទចម្រៀងដែលលោកធ្លាប់បាននិពន្ធឲ្យស្ទើរគ្រប់គ្នាក្នុងផលិតកម្មថោនច្រៀងមានមិនក្រោម៥០ប​ទនោះទេ ហើយបទដែលទទួលបានការគាំទ្រច្រើនមានដូចជាបទ”កូលាបពុលដី” ដែលច្រៀងដោយលោកកែវ វាសនា បទ”បំពេរម្តាយ”រ​បស់ កញ្ញា មាស សុខសោភា បទ”អ្នកណាឲ្យអូនទៅ” របស់លោក ខេម បទ “មាន់ស្រែ” និងបទ”លុយលុយ” របស់កញ្ញា រ៉ាប៊ីជាដើម។

ក្រោយការប្រកាសចាកចេញមានការលើកឡើងផ្ទុយគ្នាជាច្រើនក្នុងចង្កោមអ្នកសិល្បៈរហូតមានអ្នកលើកឡើងថាការចាកចេញរបស់គាត់អាចជាការអន់ចិត្ត នឹងផលិតកម្ម ខណៈដែលមានការលើកឡើងបណ្តាលមកពីអ្នកនិពន្ធរូបនេះកើបលុយបានក្រាស់ក្រែលពីបទចម្រៀងល្បៗទាំងនោះឬ?

ទំនាក់ទំនងស្វែងរកការបញ្ជាក់បន្ថែមពីអ្នកនិពន្ធរូបនេះមិនទាន់បាននៅឡើយ ប៉ុន្តែថ្មីៗនេះគេបានឃើញវត្តមានអ្នកនិពន្ធរូបនេះចេញមុខបម្រើការងារក្នុងអង្គការ IKARE រួមទាំងបានច្រៀងបទចម្រៀងរួមគ្នាជាមួយអ្នកចម្រៀងមួយចំនួនទៀតផងដែរ។ តារាចម្រៀងម្នាក់ដែលជិតដិត និងអ្នកនិពន្ធសយ រតនា ទម្លាយថាមានរឿងហួសចិត្តជាច្រើនដែលបណ្តាលឲ្យអ្នកនិពន្ធរូបនេះចាកចេញពីថោន បូករួមទាំងមិនទទួលបានការលើកទឹកចិត្ត និងមិនទទួលបានប្រាក់កម្រៃមិនសាកសមទៅនឹងទំហំការងារ និងសមត្ថភាព។

ប្រភពបន្តថា អ្នកនិពន្ធរូបនេះអាចនឹងកំពុងរារែកក្នុងការសម្រេចចិត្តចូលផលិតកម្មផ្សេង ប៉ុន្តែគាត់បានប្រកាសថានៅតែទទួលយកការនិពន្ធឲ្យគ្រប់តារាចម្រៀង ដោយការធ្វើជាអ្នកនិពន្ធឯករាជផងដែរ។ ប្រភពបន្តថា អ្នកពន្ធ មិនសូវបានគេស្គាល់ដូចតារាចម្រៀងទេ ហើយបើទោះបីជាបទចម្រៀងល្បី តារាចម្រៀងកើបលុយក្រាស់ក្រែលប៉ុណ្ណាក៏កម្រនឹង គេនឹកឃើញដែលពេលខ្លះគ្មានសូម្បីតែការលើកទឹកចិត្ត។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីផលិតកម្មថោនបាននៅឡើយទេ ប៉ុន្តែកន្លងមកការផ្លាស់ប្តូរទ្រនុំច្រៀង ឬនិពន្ធទៅកាន់ផលិតថ្មី ឬធ្វើជាអ្នកនិពន្ធឯករាជ ជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វីដែលនៅពីក្រោយនេះក៏មានការបាក់ទឹកចិត្តសម្រាប់អ្នកនិពន្ធបទភ្លេង ទំនុកច្រៀងហាក់មិនសូវទទួលស្គាល់និងការលើកទឹកចិត្តច្រើនពីផលិតកម្មនោះទេ។ ថ្មីៗនេះតារាចម្រៀងកែវ វាសនា និងអ្នកនិពន្ធមួយចំនួនដែលទើបនឹងផុតកុងត្រាជាមួយផលិតកម្មថោនក៏បានវិលទៅច្រៀងឲ្យផលិតកម្មសាន់ដេជាថ្មីផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print