ភ្នំពេញ ៖ កម្មវិធីពិព័រណ៍និងធ្វើបទបង្ហាញស្តីអំពីការសិក្សានៅប្រទេសអូស្រ្តាលីមួយត្រូវបានធ្វើឡើងដើម្បីបង្កើនចំណេះចំណឹង ស្វែងយល់ពីបរិបទសិក្សានៅប្រទេសអូស្ត្រាលី និងទទួលបានឱកាសចេញទៅសិក្សានៅទីនោះ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅរោងភាពយន្តPrime Cineplex (ផ្សារសុវណ្ណា)។
កម្មវិធីនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ក្រុមហ៊ុន អេស វើល អេយ៉ូខេសិន ខេមបូឌា ដោយមានការចូលរួមពីបណ្តាសាលារៀនដែលជាដៃគូរបស់ អេស វើល អេយ៉ូខេសិន នៅប្រទេសអូស្រ្តាលីផ្ទាល់ និងដៃគូសហការនៅប្រទេស កម្ពុជាដូចជា រោងភាពយន្ត ប្រាមស៊ីណេផ្លិច (Prime Cineplex) សមាគមនិស្សិតកម្ពុជា រដ្ឋវិចតូរិយា (Cambodian of Victoria) ក្រុមហ៊ុន អេ អាយ អិម អេស (AIMS immigration & relocation specialist) ក្រុមមេធាវី ដឺហ្វ្លេក (The FLAG Attorneys counselors at law) និងសាលាអាមេរិកាំងហ្គោលឌិនហ្គេត (Golden Gate American School)។
លោក ហេង វិចិត្រ នាយកគ្រប់គ្រងទូទៅ របស់អេស វើល អេយ៉ូខេសិន បានមានប្រសាសន៍ក្នុងកម្មវិធីបើក ការតាំងពិព័រណ៍ និងធ្វើបទបង្ហាញថា ក្នុងនាមលោកជាកូនខ្មែរមួយរូបដែលបានកើតនៅប្រទេស កម្ពុជា និងបានធ្វើអន្តោប្រវេសន៍ បច្ចុប្បន្នរស់នៅប្រទេស អូស្រ្តាលី លោកតែងតែមានក្តីបំណងក្នុងការជួយអភិវឌ្ឍប្រទេស កម្ពុជា ដោយរយះ៥ឆ្នាំ ចុងក្រោយនេះលោកបានផ្តល់ជាបទពិសោធន៍ និងរៀបចំកំណែទម្រង់មួយចំនួនជូន សាលារៀន និងមហាវិទ្យាល័យឯកជនមួយចំនួនក្នុងប្រទេស កម្ពុជា ក្នុងនោះក៏មានសកលវិទ្យាល័យដ៏ធំមួយនៅទីក្រុង ភ្នំពេញ គឺសកលវិទ្យាល័យន័រតុន។
ដោយឡែកយើង មានវាលគ្មិនបួននាក់ផ្សេងៗ ដូចជា លោកស្រី SuphattraKetyaemអគ្គនាយិកា របស់ អេស វើល អេយ៉ូខេសិនប្រចាំប្រទេស អូស្រ្តាលី Dr. Peter Lewis, អគ្គនាយក របស់ Central Melbourne Institution លោកស្រី Nina Ucharatnaតំណាង TMG College និងលោក Brandon Esponga តំណាង AIMS immigration & relocation specialist Cambodia។ ពួកគាត់បានលើកប្រធានផ្សេងគ្នា ស្តីអំពី ការសិក្សា ការរស់នៅ បទពិសោធន៍នៅប្រទេស អូស្រ្តាលីផ្ទាល់ ជាពិសេសយើងមានប្រធានបទពិសេស ក្នុងការស្វែងយល់ពីឧកាសទៅរស់នៅ ដោយស្របច្បាប់ក្នុងប្រទេស អូស្រ្តាលី តាមរយះការវិនិយោគ។
គួរបញ្ជាក់ដែរថាអេស វើល អេយ៉ូខេសិន ជាក្រុមហ៊ុនពិគ្រោះយោបល់ និងរៀបចំបែបបទក្នុងការនាំសិស្ស និងនិស្សិតទៅបន្តការសិក្សានៅប្រទេស អូស្រ្តាលី ដែលមានបទពិសោធន៍ច្រើនជាង១០ឆ្នាំ នៅទីក្រុងម៉ែលប៊ន ប្រទេស អូស្រ្តាលី និង មានការិយាល័យកណ្តាលនៅប្រទេសអូស្រ្តាលីផ្ទាល់ និងការិយាល័យតំណាងនៅប្រទេសឡាវ ថៃ និងចុងក្រោយនេះ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ តាមរយះទិន្នន័យក្នុងរយះពេល ២ឆ្នាំចុងក្រោយ ក្រុមហ៊ុនបានជួយអោយសិស្សបានបន្តការសិក្សានៅប្រទេស អូស្រ្តាលី និងនូវែលហ្សេឡង់ ថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ ប្រហែល១,២០០នាក់សិស្ស ៕ ដោយ វឌ្ឍនា