ខេត្តពោធិ៍សាត់៖ បុរសម្នាក់ញាក់សាច់ទទ្រើកបាស់សក់ច្រូងតែម្ដង ខណៈទៅដេកនេសាទត្រី(រាយមង)នៅទឹកស្ទឹង ជាប់សត្វក្រពើ ១ក្បាលខ្មៅគ្រាក់ទម្ងន់ជិត ២០០គីឡូក្រាម។
ហេតុការណ៍នេសាទត្រីបានសត្វក្រពើ ១ក្បាលខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹម នាថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងស្ទឹងមេទឹក (ដែនជម្រកសត្វព្រៃភ្នំសំកុស) ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ប្រជានេសាទត្រីបានសត្វក្រពើ ១ក្បាលនោះឈ្មោះ មឿន មីន ភេទប្រុស ហើយកាលពីល្ងាចរូបគាត់បានទៅរាយមងក្នុងទឹកស្ទឹងនៅចំណុចខាងលើ រួចក៏ទៅសម្រាកនៅផ្ទះវិញ លុះព្រឹកឡើងរូបគាត់ទៅមើលមងក៏ប្រទះឃើញជាប់សត្វអ្វីមួយធំណាស់ ហើយបាននឹងកំពុងរើបម្រាស់ដោយមងរុំខ្លួនវាជិត គាត់ក៍ទាញឡើងឃើញជាប់សត្វក្រពើដ៏ធំ ១ក្បាលទម្ងន់ប្រមាណជាងជិត ២០០គីឡូឯណុះ ខណៈនោះគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍លើកក្រពើ ១ក្បាលនេះ។
ប្រភពព័ត៌មានខាងលើបន្តថា បុរសរូបនោះបានប្រកបរបរដាក់មងរកត្រីនៅចំណុចស្ទឹងខាងលើ គាត់ធ្លាប់លឺគេនិយាយតៗគ្នាថាមានសត្វក្រពើតែមិនដែលបានប្រទះឃើញនេសាទខ្លួនឯងបែបនេះ ហើយស្ទឹងមេទឹកនេះសម្បូរទៅធនធានជីវចម្រុះជាច្រើន រាប់ទាំងសត្វក្រពើ ត្រីកន្ទាយ។ល។ បច្ចុប្បន្នសត្វក្រពើនេះត្រូវបានដឹកយកមករក្សាទុក នៅទីបញ្ជាការដ្ឋានវរៈការពារព្រំដែនគោកលេខ៨២៥ រងចាំបញ្ជាពីថ្នាក់លើ ហើយអាចនឹងលែងចូលក្នុងទឹកស្ទឹងខាងលើនោះវិញ ព្រោះតំបន់នោះជាដែនការពារ និងអភិរក្សសត្វចម្រុះផងនោះ៕
ដោយ ៖បុឹម ពិន