ខេត្តកំពង់ចាម ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ កោះទន្ទឹម ដឹកនាំដោយលោកវរសេនីយ៍ទោ ណោ ឌីណា នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានចុះ ឃាត់ខ្លួនជនសង្ស័យដែលបានវាយសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំយកទៅទម្លាក់បោះចោលក្នុងស្រះទឹកបានហើយ បន្ទាប់ពីទទួលពាក្យបណ្តឹងពីលោកយាយកុមារីរងគ្រោះ ។
នគបាលឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ជននេះបានសម្លាប់ក្មេងស្រីកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានកម្លាំងស្រាវជ្រាវចាប់ខ្លួននៅល្ងាចថ្ងៃខែដដែល ។ ជនសង្ស័យឈ្មោះគីម សុខរស់ ហៅហៅវ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ចំណែកកុមារីរងគ្រោះ (សព) ឈ្មោះ ធូ សុជាតិ អាយុ៥ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមចម្លើយសារភាពជនសង្ស័យថា មុនសម្លាប់គឺដោយសារក្មេងស្រីជេរខ្លួន ធ្វើឲ្យខឹងចងគំនុំរហូតធ្វើសកម្មភាព ដោយយកកំណាត់ឈើវាយសម្លាប់ នឹងចាប់ច្របាច់កហើយទម្លាក់ចូលក្នុងទឹកស្រះ ។
គួររំឭកថា នៅមុនកើតហេតុថ្ងៃខែខាងលើក្មេងស្រីរងគ្រោះឈ្មោះ ធូ សុជាតិ អាយុ៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិឃុំខាងលើបានដើរលេងនៅក្នុងភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម បាត់រហូតដល់វេលាម៉ោង១៧និង០០នាទី ពុំឃើញត្រឡប់មកផ្ទះវិញឡើយ ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ៕ វណ្ណៈ