នៅក្នុងបណ្តាញសង្គមTwitter ផ្ទល់ខ្លួន ប្រធានាធិបតីអីរ៉ង់ លោកHassan Rouhani បានរិះគន់មន្ត្រីអាមេរិកដែលបាន ប្រើពាក្យសម្តីមិនគួរគប្បី ពាក់ព័ន្ធនិងការវាយប្រហារ ភេរវកម្មនៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រានៅអីរ៉ង់។
មេដឹកនាំអីរ៉ង់បានបញ្ជាក់ថា«មន្ត្រីអាមេរិកមួយរូប ពេលថ្មីៗនេះបាននិយាយពាក្យសម្តី មិនល្អ ពីការបាញ់ប្រហារក្នុងពីធីដង្ហែរក្បួនព្យុហយាត្រាយោធានៅខេត្ត Ahvas ដោយទម្លាក់កំហុសទៅឲ្យរដ្ឋាភិបាលអីរ៉ង់វិញ។ ជនជាតិអាមេរិក គិតយ៉ាងណា ប្រសិនបើយើងទាំងអស់ចោទប្រកាន់អាមេរិក ខ្លួនឯងជាអ្នកវាយប្រហារភេរវកម្ម ថ្ងៃទី ១១ខែកញ្ញា?»
កាលពីថ្ងៃទី ២២ខែកញ្ញានៅទីក្រុង Ahvaz ប្រទេសអីរ៉ង់ មានខ្មាន់កាំភ្លើង ៤នាក់ស្លៀកឯសណ្ឋានជាទាហាន បើកការបាញ់ប្រហារ ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ក្នុងទិវា ៣៨ឆ្នាំនៃសង្គ្រាម ជាមួយអីរ៉ាក់។ ការបាញ់ប្រហារសម្លាប់មនុស្ស ដល់ទៅ២៥នាក់ និង ៥៣នាក់ រងរបួស មានទាំងស្ត្រីនិងកុមារផងដែ។
កាលពីថ្ងៃទី២៤ខែកញ្ញា មេដឹកនាំជាន់ខ្ពស់អីរ៉ង់លោក Ayatollah Ali Khamenei បានបញ្ជាក់ថា «ជនវាយប្រហារ ខាងលើ គឺទទួលបានការហ្វឹកហាត់ពីបណ្តាប្រទេសអារ៉ាប់ ហើយអារ៉ាប់រួមជាអ្នកចំណាយប្រាក់ នៅក្នុងកម្មវិធីបាញ់ប្រហារនោះ ។ អីរ៉ង់ នឹងមិនលើកលែងឲ្យជាដាច់ខាត់ដល់អ្នកនៅពីក្រោយ ការបាញ់ប្រហារបង្ហូរឈាមខាងលើ ។ គោលដៅរបស់ប្រទេសនៅពីក្រោយគឺ បង្ករអសន្តិសុខ នៅក្នុងប្រទេសរបស់យើង»។
អគ្គមេបញ្ជាការរងកម្លាំងទាហានបដិវត្តអិស្លាមអីរ៉ង់ IRGC ឧត្តមសេនីយ៍ Hossein Salami បានចោទប្រកាន់អាមេរិកនិងអីស្រាអែល ជាអ្នកនៅពីក្រោយការបាញ់ប្រហារខាងលើ ។ ប្រទេសដែលនៅពីក្រោយនឹងទទួលនៅការតបតវិញយ៉ាងចាស់ដៃនៅពេលដ៏ខ្លីខាងមុខ។ចំណែករដ្ឋមន្ត្រីការបរទេសអីរ៉ង់ ក៏បាន លើកឡើង ពីអ្នកគាំទ្រដល់ក្រុមភេរវកម្ម ក្នុងតំបន់ ដោយបានបង្ហាញឈ្មោះអាមេរិកចំៗតែម្តង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានច្រានចោលការចោទប្រកាន់ខាងលើ របស់ អីរ៉ង់ ។ការទម្លាក់កំហុសទៅឲ្យទីក្រុងវ៉ាស៊ីនតោនគឺជារឿង ខុសឆ្គង យ៉ាងខ្លាំង ដោយបញ្ហាខាងលើកើតឡើងនៅក្នុងប្រទេសអីរ៉ង់ផ្ទាល់សោះ៕
ដោយ៖ មែវ សាធី