សហរដ្ឋអាមេរិក-អុីស្រាអែលបារម្ភក្រោយប្រទេស រុស្ស៊ីផ្គត់ផ្គង់មីស៊ីលការពារទំនើប S-300 ឲ្យស៊ីរី

ចែករំលែក៖

យន្តហោះចម្បាំងអុីស្រាអែល ឬអាមេរិក អាចនឹងជួបគ្រោះថ្នាក់ នៅពេលដែលស៊ីរីមានមីស៊ីលការពារដ៏ទំនើបរបស់រុស្ស៊ី។ រដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា លោកមាន គម្រោងជួបពិភាក្សាជាមួយសមភាគី រុស្ស៊ី លោក Sergei Lavrov បន្ទាប់ពីមហាសន្និបាទអង្គការសហប្រជាជាតិ។ នៅក្នុងជំនួប នោះ ភាគីអាមេរិក នឹងលើកឡើងពីបញ្ហាដែលរុស្ស៊ីសម្រេចផ្តល់ មីស៊ីលឲ្យស៊ីរី ។

មានប្រសាសន៍នៅក្នុងបទសម្ភាសន៍នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេស អាមេរិកបានបញ្ជាក់ថា «មានប្រធាន បទជាច្រើនដែលយើងចាំបាច់ត្រូវតែពិភាក្សាជាមួយភាគីរុស្ស៊ី។ ខ្ញុំជឿជាក់ថា ការ សម្រេចថ្មីបំផុតរបស់រុស្ស៊ីក្នុងការផ្គត់ផ្គង់ មីស៊ីល S-300 ឲ្យស៊ីរី គឺជាប្រធានបទ សំខាន់បំផុត»។

សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែល ក្រសួងការពារ ជាតិរុស្ស៊ីបានប្រកាសថានឹងអនុវត្តនូវវិធីសាស្ត្រចាំបាច់ ក្នុងការបង្កើនសន្តិសុខដល់កម្លាំងទាហានរុស្ស៊ីក្រោយ កម្លាំងទាហានអាកាសអុីស្រាអែលប្រើប្រាស់យន្តហោះយាមល្បាតរបស់រុស្ស៊ី Il-20 ធ្វើជារនាំង ការពារខ្លួននៅពេលបាញ់ប្រហារនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យយន្តហោះរបស់រុស្ស៊ី ត្រូវប្រព័ន្ធការពារមីស៊ីលស៊ីរីបាញ់ទម្លាក់។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២៤ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា ទីក្រុងមូស្គូនឹងបញ្ជូនប្រព័ន្ធការពារ មីស៊ីល S-300 ទៅកាន់ស៊ីរីក្នុងពេលខាងមុខ ដើម្បីទប់ទល់នឹងសកម្មភាពអាក្រក់ដូចជាការបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីកាលពី សប្តាហ៍កន្លងមក។

លោក Shoigu បានបញ្ជាក់ថា «កម្លាំង ទាហានស៊ីរីនឹងទទួលបាន ប្រព័ន្ធមីស៊ីល ការពារយ៉ាងទំនើប បំផុត S-300 ដើម្បីទប់ស្កាត់ការគំរាមកំហែងពីលើដែនអាកាស មានចម្ងាយឆ្ងាយ២៥០គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះអាចវាយប្រហារទៅលើគោលដៅឆ្ងាយដូចគ្នាប្រកបដោយប្រសិទ្ធភាព»។

លោក Shoigu បានបញ្ជាក់ទៀតថា ទីក្រុងមូស្គូបានសម្រេចផ្អាកការផ្គត់ផ្គង់មីស៊ីល S-300 ទៅឲ្យរដ្ឋាភិបាលស៊ីរី តាំង ពីឆ្នាំ២០១៣ តាមសំណើរបស់ភាគី អុីស្រាអែល។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ន រុស្ស៊ីចាំបាច់ត្រូវតែការពារទាហានរុស្ស៊ីនៅក្នុងទឹកដីស៊ីរី។

លើសពីនេះទៅទៀត លោក Shoigu បានបញ្ជាក់ទៀតថា ទីបញ្ជាការកម្លាំងការពារដែនអាកាសស៊ីរី នឹងទទួលបានការ បំពាក់ ឧបករណ៍ស្វ័យប្រវត្តិដើម្បីធានា ដល់សុវត្ថិភាព ទាហានរុស្សុី ដោយប្រព័ន្ធនោះអាចកំណត់ដឹងថាជាយន្តហោះរបស់ រុស្ស៊ី ឬជារបស់សត្រូវ អាចជួយដល់ស៊ីរី បាញ់កម្ទេចយន្តហោះ ឬមីស៊ីល សត្រូវ បានជោគជ័យ បញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងបាន។

លើសពីនេះទៅទៀត ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាទីក្រុងមូស្គូនឹងអនុញ្ញាតឲ្យបំផ្លាញរលកសញ្ញារ៉ាដា និងប្រព័ន្ធ ទំនាក់ទំនងផ្សេងនៅតំបន់សមុទ្រផងដែរ។

សកម្មភាពថ្មីរបស់រុស្សុីនាពេលនេះ គឺដើម្បីទប់ស្កាត់ការបាញ់ប្រហារច្រឡំដូចពេលកន្លងមក។ ការបាញ់ច្រឡំដោយ សារតែយន្តហោះអុីស្រាអែល ក្រោយពី វាយប្រហារទៅ លាក់ខ្លួនពីក្រោយយន្តហោះយាមល្បាតរុស្ស៊ី ធ្វើឲ្យមីស៊ីលស៊ីរី បាញ់ចំយន្តហោះរុស្ស៊ីសម្លាប់អ្នកដំណើរ១៤នាក់ ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print