តុលាការសម្រេចឃុំខ្លួន ប្តីខឹងប្រពន្ធដើរផឹកផ្ទះគេ មិននៅផ្ទះទាញពូថៅនិងប៉័ងតោ តាមរករឿងគំរាមកាប់ក្បាលដល់កន្លែងផឹក

ចែករំលែក៖

ខេត្ត​កណ្ដាល៖ នៅល្ងាចថ្ងៃទី២៦ កញ្ញា ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ប្តីខឹងប្រពន្ធដើរផឹកផ្ទះគេ មិននៅផ្ទះទាញពូថៅនិងប៉័ងតោ តាមរករឿងគំរាមកាប់ក្បាលដល់កន្លែងផឹក ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”គំរាមកំហែងថានិងសម្លាប់” ដែលប្រព្រឹត្តនៅ ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី៦(ប្រាំមួយ)ខែ ទៅ០២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០មួយលានរៀល ទៅ៤.០០០.០០០បួនលានរៀល។

ជនត្រូវចោទមានឈ្មោះ ខុម ថាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯជនរងគ្រោះ ឈ្មោះ ប៉ាត មុំ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយ(ជាប្រពន្ធ)។

វត្ថុតាងចាប់យក ទី១.កាំបិតបុ័ងចំនួន ០១ ដងធ្វើពីឈើ ផ្លែធ្វើពីដែកពណ៌ខ្មៅមានប្រវែង ០,២០ម៉ែត្រ។
២.ពូថៅចំនួន ០១ ផ្លែធ្វើពីដែកពណ៌ខ្មៅ ដងធ្វើពីឈើមានប្រវែង ០,៣២ម៉ែត្រ ។

បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីឈ្មោះ ខុម ថាច តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ ហើយធ្លាប់ធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងចំនួន ០៣ លើករួចមកហើយ។​ លុះដល់ថ្ងៃទី ២៤ កញ្ញា ២០១៨ វេលាម៉ោង ១៨និង៣០ នាទី ជនរងគ្រោះជាប្រពន្ធឈ្មោះ ប៉ាត មុំ បាន ដើរទៅលេងផ្ទះប្អូនឈ្មោះ ប៉ាត យ៉ន ដែលមានផ្ទះនៅជាប់គ្នា ហើយបានផឹកស្រាជួបជុំជាមួយបងប្អូន។  ដល់វេលាម៉ោង ១៩និង៣០នាទី ថ្ងៃដដែល ដោយមេឃភ្លៀងខ្លាំង ជនសង្ស័យមកដល់ផ្ទះវិញ ហើយឃើញកន្ទេល មុង ភួយ ទទឹកភ្លៀងអស់  ភ្លាមនោះជនសង្ស័យបានដើរទៅផ្ទះឈ្មោះ ប៉ាត យ៉ន ដោយមានកាន់កាំបិតបុ័ងតោទៅជាមួយ។

ពេលទៅដល់បាននិយាយថា ហ្ងែងកុំចូលផ្ទះ ប្រយ័ត្នក្បាលនឹងកាំបិតបុ័ងតោ កន្ទេល មុង ភួយ ទទឹកអស់បានអីដេក។

បន្ទាប់មកជនសង្ស័យបានដើរទៅផ្ទះវិញ បានបន្តិចជនសង្ស័យដើរទៅផ្ទះឈ្មោះ ប៉ាត យ៉ន ម្តងទៀត ដោយសៀតពូថៅនឹងចង្កេះដើរទៅរកជនរងគ្រោះ។ ឃើញដូចនោះឈ្មោះ ប៉ាត យ៉ន បាននិយាយថា បើចង់កាប់ចាក់គ្នាទៅកាប់នៅផ្ទះអ្នកឯងទៅ ស្រាប់តែជនសង្ស័យច្រានឈ្មោះ ប៉ាត យ៉ន និងដកពូថៅចេញពីចង្កេះ ភ្លាមនោះឈ្មោះ ប៉ាក ប៉ាត និងឪពុកជនរងគ្រោះ និងអ្នកនៅជិតនោះបានរត់ទៅឃាត់បែកចេញពីគ្នា។

មកដល់ថ្ងៃទី ២៥ កញ្ញា ២០១៨ វេលាម៉ោង ៨និង០០ នាទី ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង ទើបកម្លាំងនគរបាលប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី  ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print