ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះ អុប សុភា ចុះថ្ងៃទី 24 ខែមេសា ឆ្នាំ2018 គោរពជូន លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើ សុំចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេត និងអធិការកិច្ចលើវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 17100103-4989 ចុះថ្ងៃទី03 ខែសីហា ឆ្នាំ2017 ចេញដោយមន្ទីររៀបចំដែន គរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប ។ បន្ទាប់មកក្រសួងរៀបចំដែនដី ក៏បានចេញលិខិតលេខ 14-18 ដនស/អសដក ចុះថ្ងៃទី 13 ខែមិថុនា ឆ្នាំ2018 ដោយ លោក
លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងជម្រាបមកអភិបាលខេត្តសៀមរាប ពិនិត្យនិងដោះស្រាយ ។ ប៉ុន្តែមិនត្រូវបានចៅហ្វាយខេត្តសៀមរាប មិនយកភ្នែកមើលឡើយ បែរជាបណ្តោយអោយ ក្រុមហ៊ុនលី អ៊ុំអេង យកកងកម្លាំងទៅហ៊ុំព័ទ្ធរបងលើដីប្រជាពលរដ្ឋស្លូតត្រង់ដែលគ្នារស់នៅស្របច្បាប់ប្រកប អាជីវកម្មរាប់សិបឆ្នាំមកហើយអស់រលីង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពិលោកឡាយ សុជាតិ អាជីវករ អ្នកខេត្ដសៀមរាប នៅថ្ងៃពុធ ២រោច ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ។
យោងតាមឯកសារពាក់ព័ន្ធមួយចំនួនដែលយើងទទួលបានបញ្ជាក់ថាៈ កាលពីអំឡុងឆ្នាំ 2010 ឈ្មោះ ឡាយ សុជាតិនិងប្រពន្ធអុប សុភា បានទិញដីធ្វើអាជីវកម្មមួយកន្លែងស្ថិតនៅផ្សាររាត្រីអង្គរឃ្យូងយូ ទំហំ 55 ម៉ែត្រ x 75 ម៉ែត្រ ពីឈ្មោះ ចិត្ត សុធាអ្នកគ្រប់គ្រងដីធ្វើអាជីវកម្ម ដើម្បីបើកមុខរបររកស៊ី។ បន្ទាប់ពីផ្តិតមេដៃ លក់ទិញរួចបានប្រគល់ប្រាក់ថ្លៃទិញដីអោយម្ចាស់ដីរួចរាល់ ។ ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះអុប សុភា ក៏បានដាក់ពាក្យស្នើសុំប្រកបអាជីវកម្មដាក់រទេះភ្លើងក្មេងជិះកំសាន្ត ទោងយោលក្មេងជិះលេងកំសាន្ត ផ្ទះកូនបាល់កូនក្មេង គប់ប៉េងប៉ោង ថាស់ហោះ ជិះកូនទា និងឡានបុកគ្នា ពីអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញតាំងពីឆ្នាំ 2010 ដោយមានលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយទាំងអស់ ។ តាំងពីរចាប់ផ្តើមបើកអាជីវកម្ម រហូតមកដល់សព្វថ្ងៃ គឺពុំដែលមានការរំខានពីបុគ្គលណាមួយនោះទេ ។
បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ 2017 ស្រាប់តែឈ្មោះ លី អ៊ុំអេង បានបញ្ជាគេអោយ យកគ្រឿងចក្រ មកឈូសឆាយចាក់ដីរំលោភលើដីលំនៅដ្ឋាន និងដីដំណាំហូបផ្លែដូចជា ខ្នុរ ស្វាយ ល្ហុង ព្រីង និងចេក របស់ឈ្មោះ ឡាយ សុជាតិ និងឈ្មោះ អុប សុភា អស់ស្ទើរទាំងស្រុង ។ ឃើញដូច្នេះឈ្មោះ ឡាយ សុជាតិ និងភរិយា ក៏បានប្តឹងទៅអាជ្ញារធរគ្រប់ជាន់ថ្នាក់ អោយជួយរកយុត្តិធម៌ ហើយក៏មានការប្រជុំដោះស្រាយជាហូរហែ តាំងពីថ្នាក់សង្កាត់ ក្រុង រហូតដល់ខេត្ត ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយ ។ បែជានៅរសៀលថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2018 លោកស្រី លី អ៊ុំអេងនិងបក្សពួកបាននាំ កងកំលាំងប៉ូលីស បានយករបងស័ង្កសី មកហ៊ុំព័ទ្ធលើដីធ្វើអាជីវកម្មរបស់ឈ្មោះ ឡាយ សុជាតិ និងប្រពន្ធឈ្មោះ អុប សុភាទាំងអស់ដោយមិនអនុញ្ញាតអោយចូលយកសូម្បីតែសំភារៈធ្វើអាជីវកម្មដែលដាក់នៅលើដីនោះចេញឡើយ។
តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ពេលដែលកំលាំងមានសមត្ថកិច្ចចុះមកបិតរបងព័ទ្ធជុំវិញដីធ្វើអាជីវកម្មរបស់ឈ្មោះ ឡាយ សុជាតិបាននិយាយទាំងខឹងសម្បារថា អាងតែពួកវាយកអំណាចមានលុយ ចង់ធ្វើអីក៏បានដែរកងកំលាំង សម្រាប់ជួយ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋបែរជាយកមកប្រើប្រាស់សម្រាប់រំលោភបំពានយកដីប្រជាពលរដ្ឋទុនខ្សោយទៅវិញ។ ជាក់ស្តែងដូចយើងឃើញ និងភ្នែកហើយបើយើងឈ្នះក្តី ហើយចង់មកយកដីនេះ គួរតែទុកអោយគ្នាអ្នកចាញ់ក្តីរុះរើសំភារៈរបស់របរគ្នាចេញសិនទៅកុំលេងលបៗយករបងមកព័ន្ធយកឆៅៗអញ្ចឺងតើត្រង់ណាភាពយុត្តិធម៌? ខ្មែរដូចគ្នាសោះគួរតែយោគយល់ខ្លះទៅលោកអើយ។
ដោយឡែក លោកស្រី អុប សុភា បាននិយាយទាំងទឹកភ្នែកថាតុលាការគួរតែបើកការស៊ើបអង្កេតការលួចចេញប្លង់កម្មសិទ្ធិដីដែលឈ្មោះ លី អ៊ុំអេងយកមកដាក់ជាភស្តុតាងក្នុងសំណុំរឿងសិនទៅមុន នឹងសម្រេចអោយមានការចាញ់ឈ្នះ ថាតើមន្ទីររៀបចំដែនដីខេត្តសៀមរាបចេញប័ណ្ណហ្នឹងស្របច្បាប់ដែរ ឬអត់? តើមានអាជ្ញាធរពាក់ព័ន្ធ ឬអ្នកជាប់ព្រំផ្តិតមេដៃដឹងឮដែរឬអត់? កុំចេះតែចេញៗយកទៅអោយតុលាការ ធ្វើជាសំអាងយ៉ាងអញ្ចឹងងាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ហើយ។
ជាចុងក្រោយតាមរយៈអ្នកសារព័ត៌មានលោកស្រី អុប សុភាសំណូមពរដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់គ្រួសាររបស់គាត់ផង។
ដោយឡែក លោកស្រី លី អ៊ុំអេងអ្នកសារពត៌មានយើងពុំអាចទំនាក់ទំនងសុំការបកស្រាយបានទេ នៅថ្ងៃទី26 ខែកញ្ញា នេះ ដោយពុំស្គាល់លេខទូរស័ព្ទយើងរងចាំទទួលការបកស្រាយពន្យល់គ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល ៕
ដោយ៖ សិលា