ខេត្តស្ទឹងត្រែង៖ លោករដ្ឋមន្ត្រីក្រសួងព័ត៍មាន ខៀវ កាញារីទ្ធ បានបង្ហោះលើហ្វេសប៊ុកលោកថា៖កសិករនៅខេត្តស្ទឹងត្រែងបង្កាត់ ពូជស្រូវថ្មីបានហៅថាពូជ(ស្រូវត្រីរៀល) ហើយ M.Cពូជស្រូវត្រីរៀលជា កសិផលមួយមានរយៈពេលខ្លីដាំដុះទទូលបានទិន្នផលល្អ ដែលកសិករនៅឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងបានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗមិនបាច់ចំណាយថវិកាទិញស្រូវពូជ មកពីខេត្តនានា។
ក្នុងឱកាសចុះជួបកសិករគូរដែលជ្រើសរើសបានពូជស្រូវថ្មី(ហៅស្រូវត្រីរៀល)លោកថង ឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រូវបានបញ្ជាក់ថា៖ស្រូវនេះលោកបានសន្សំវាធ្វើពូជបានរយៈពេល៣ឆ្នាំហើយព្រោះ វាដាំដុះមិនរើសដី នឹងឆាប់ទទួលបានផលមុនគេ ។
លោកបញ្ជាក់ថា៖ដំបូងឡើយលោកធ្វើស្រូវរំដូលពេលនោះវាមានលាយលំនៅក្នុងស្រែបានចេញផ្លែទំមុនគេហើយក៍ចេះតែប្រមូលពូជវាទុកបានមួយតៅ យកមកដាំពេលចេញផ្លែទុំមានសម្បុរភ្លឺផ្លេកចាំងពន្លឺថ្ងៃដូចហ្វូងត្រីរៀលឡើង ទើបគាត់ដាក់ឈ្មោះវាជា(ស្រូវត្រីរៀល)។
លោកទួនថាំង មេឃុំភ្លុក ស្រុកសេសានបានអះអាងថា៖ បច្ចុប្បន្នពូជស្រូវនេះត្រូវបានកសិករចាប់អារម្មណ៍ធ្វើបានប្រមាណ២០គ្រួសារហើយ ចំណែកស្រូវផ្សេងៗទៀតដូចជាពូជស្រូវរំដួល ផ្កាម្លិះ -ផ្កាល្មៀត- ផ្ការំដេង- សែនពិដោរ- ក៏កសិករយើងនិយមធ្វើដែរ ព្រោះពេលបានផលងាយស្រួលលក់ ។
លោកថា៖ ចំពោះស្រូវត្រីរៀលថ្មី ដែលកសិករបង្កាត់ពូជបាននេះ ពិតជាពូជស្រូវមួយដាំដុះឆាប់ទទួលបានផលពិតប្រាកដមែន ជាពិសេសនៅចុងខែកញ្ញានេះ ត្រូវបានប្រមូលផលរួចរាល់ហើយលោកនឹងទាក់ទងទៅខាងបច្ចេកទេស កសិកម្មឱ្យគាំទ្រលើគម្រោងនេះព្រោះជាលើកទី១ហើយដែលកសិករយើងមករកឃើញពូជ ស្រូវនេះ ដើម្បីឱ្យផ្នែកបច្ចេកទេសមកជួយរបៀបបន្សុតបន្ថែម ដើម្បីយើងទុកពូជឲ្យបានកាន់តែល្អ ។
លោក ធី សាយ កសិករដាំស្រូវនេះដែរបានបញ្ជាក់ថាៈ តាំងពីបានដាំដុះស្រូវនេះមកឃើញថាមិនពិបាកថែទាំទេ ហើយក្នុងរយៈពេលតែ៧៥ថ្ងៃបានចេញផ្លែទុំ ទទួលផលទាន់ចិត្ត និងបានដុលអំបុកលក់មុនគេថែមទៀត ។
សូមបញ្ជាក់ថាៈ ឃុំភ្លុក ស្រុកសេសាន ស្ថិតនៅតាមបណ្តោយដងទន្លេសេសាន មានចំងាយពីទីរួមខេត្តប្រមាណជាង២០គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅ ៤០៧ គ្រួសារ ចំនួនមនុស្ស ១៦៨៥ នាក់ នឹងមានផ្ទៃដីដាំដុះដំណាំស្រូវស្រែចំការប្រមាណ ជាង៤០០ហិកតា ៕
ដោយ៖ សុខ ខេមរា