សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ស្តីពីកុមារដែលគ្មានការថែទាំពីគ្រួសារ នឹងត្រូវទទួលកិច្ចគាំទ្របន្ថែមពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ (​ក្រសួង ស.អ.យ) ដោយមានការគាំ​ទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (​យូនីសេហ្វ​) បានប្រកាសផ្សព្វ​ផ្សាយ​​ឯកសារ​សំខាន់ៗចំនួន​ពីរ​ក្នុង​ថ្ងៃ​នេះ ដើម្បី​ជា​មគ្គុទ្ទេសក៍​ណែនាំ​ដល់​ការបន្តកិច្ច​ខិត​ខំនៅ​ថ្នាក់ជាតិ​ ​ក្នុងការ​កែ​ទម្រង់​ប្រព័ន្ធ​ថែទាំ​កុមារ​ ក្នុងគោល​ដៅ​​កាត់​បន្ថយ​ចំនួន​មណ្ឌល​ថែទាំ​កុមារ​ និង​បង្កើន​សេវា​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ​សម្រាប់​កុមារ​ដែលងាយ​រង​គ្រោះ​ ។

ឯកសារ​ទីមួយ គឺជា​ផែនការ​អភិវឌ្ឍសមត្ថភាព​សម្រាប់​កិច្ចគាំ​ទ្រ​​គ្រួសារ​ ការ​ថែទាំ​ដោយ​ឪពុកម្ដាយធម៌​ និង​ស្មុំ​កូនក្នុងប្រទេស ដែល​ត្រូវ​បានធ្វើឡើង​រួម​គ្នា​ដោយ​ការិយាល័យ​អចិន្ត្រៃយ៍​នៃ​សន្និសីទក្រុង​ឡាអេ​ស្ដីពី​ច្បាប់​ឯកជន​អន្តរជាតិ​(HCCH) និងសេវា​សង្គម​​អន្តរជាតិ​ (ISS)។ ផែនការនេះ ដាក់ចេញនូវ​ចំណាត់ការ​សំខាន់ៗ ដែលក្រសួង ស.អ.យ  ស្ថាប័ន​រដ្ឋាភិបាល​ដទៃ​ទៀត​ និង​ដៃ​គូនានា ត្រូវការចាំបាច់ ដើម្បី​កែ​លម្អសេវា​ថែទាំ​សម្រាប់​កុមារដែលគ្មាន​ការ​ថែទាំ​ពីឪពុកម្ដាយ​ សំដៅ​ធានាថាកុមារ​នៅ​តែ​អាច​រស់​នៅក្នុងបរិយាកាស​គ្រួសារដែល​លើក​កម្ពស់​ដល់​ការអភិវឌ្ឍ​ពេញ​លេញ​របស់ពួកគេ​។

លោក វង សូត រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បានមានប្រសាសន៍ថា “ក្រសួង ស.អ.យ បានចាប់​ផ្ដើម​អនុវត្ត​អនុសាសន៍​មួយ​ចំនួន​នៅក្នុង​ផែនការ​នេះ​រួចហើយ​ ។ ជាការ​ងារ​អា​ទិភាព ក្រសួងនឹង​​បង្កើត​ឱ្យ​មានប្រព័ន្ធទិន្នន័យគ្រប់ជ្រុងជ្រោយអំពី​កុមារគ្រប់រូបដែលកំពុងស្ថិត​ក្រោម​ការថែទាំជំនួស​ ដើម្បីធានា​​ថាកុមារគ្រប់រូប​ទទួលបាន​ប្រយោជន៍​ពីជម្រើស​ការថែទាំ​ល្អ​បំផុត​។

យើង​ក៏​កំពុងអភិវឌ្ឍ​នីតិវិធី​ និង​ឧបករណ៍​បណ្ដុះ​បណ្ដាល​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ស្ដីពី​ការថែទាំ​ដោយគ្រួសារ​សាច់​ញាតិ​ ការ​ថែទាំ​ដោយ​ឪពុកម្ដាយធម៌​ និង​ស្មុំ​កូន​ក្នុងប្រទេសផងដែរ​។​ យើងចាំ​បាច់​ត្រូវ​រៀបចំ​ឱ្យ​មាន​កិច្ចការ ពារ​ប្រកបដោយសុវត្ថិភាព និង​បទដ្ឋាន​​កាន់តែរឹងមាំជាងមុន​។ យើងត្រូវធ្វើការប៉ាន់ប្រមាណ រៀបចំត្រៀមលក្ខណៈ និងតាមដាន​ដោយ​ប្រុង​ប្រយ័ត្ន ទៅលើអ្នក​ថែទាំជា​ឪពុកម្ដាយធម៌ និង​ឪពុកម្ដាយ​ចិញ្ចឹមគ្រប់រូប​ ​ ដើម្បីធានា​ថាពួកគេ​ផ្ដល់​ការថែទាំបានល្អ​ដល់​កុមារ​។”

នៅក្នុងប្រទេស​កម្ពុជា គួរ​ឱ្យ​ភ្ញាក់ផ្អើលមានកុមារ​ជា​ច្រើនអ្នកកំពុង​រស់​នៅក្នុង​មណ្ឌល​ថែទាំ​ បើទោះបីជា​ពួកគេ​ភាគ​ច្រើន​ ​យ៉ាង​ហោចណាស់នៅមាន​ឪពុក ឬ​ម្ដាយម្នាក់​នៅ​រស់​នៅទ្បើយ។ ជា​លទ្ធផល​ ការថែទាំ​កុមារ​តាម​មណ្ឌលបាន​ក្លាយជាសេវា​ចម្បង​សម្រាប់​កុមារ​ងាយ​រង​គ្រោះ​ ។ ​បើ​ទោះ​បីជាគោលការណ៍ណែនាំរបស់​​​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ចែង​ថាកុមារ​គ្រប់​រូប​មានសិទ្ធិចម្រើនវ័យនៅ​ក្នុងគ្រួសារ​របស់​ខ្លួន លើកលែងតែ​ស្ថានភាពគ្រួសាររបស់ពួកគាត់មិនអនុញ្ញា​ត​ឱ្យពួកគេអាចរស់នៅជាមួយគ្រួសារបាន​ ។

លោក​ស្រី ដេបូរ៉ា កូមីនី នាយិកា​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បានមានប្រសាសថា​ “កុមារ​មិន​គួរត្រូវ​​បាន​បំបែក​ពីឪពុកម្ដាយ ដោយ​សារតែភាព​ក្រី​ក្រនោះទេ​។ គ្រួសារ​គួរ​ទទួល​បាន​កិច្ចគាំទ្រ​ដែលពួកគេ​ត្រូវ​ការ​ ដើម្បីឱ្យពួកគេអាចផ្តល់ការថែទាំសម​ស្រប​ដល់​​កូន​របស់​ពួកគាត់បាន​”។ លោក​ស្រី បាន​បន្ថែមទៀត​ថា “បើទោះបី​ជានៅ​ពេល​គ្រួសារ​ពុំ​មាន​លទ្ធភាព​អាច​ផ្ដល់​ការ​ថែទាំ​គ្រប់​គ្រាន់​ដល់​កុមារក៏ដោយ​​ ក៏ពួកគេគួរទទួលបាន​កិច្ចគាំ​ទ្រថែទាំជំនួស សមស្របនៅសហគមន៏​ដែល​ឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវ​ការ​របស់​ពួកគេ​ និងនៅ​តែ​អាច​បង្កលក្ខណៈ​ឱ្យ​ពួកគេអាច​លូតលាស់​នៅក្នុង​ផ្ទះមួយ​​ប្រកបដោយ​ក្ដី​ស្រឡាញ់​ និង​ទទួល​បាន​សិទ្ធិ​ទាំងអស់​របស់​ខ្លួន​” ។

ការ​ថែទាំ​តាម​គ្រួសារ ដូចជា​ការ​ថែទាំ​ដោយគ្រួសារសាច់​ញាតិ​ ការ​ថែទាំ​ដោយ​ឪពុកម្ដាយធម៌ និងស្មុំ​កូនក្នុងប្រទេស គឺជា​ជម្រើសថែទាំ​ជំនួសនៅតាមសហគមន៍ជំនួសការ​ថែទាំ​នៅ​តាម​មណ្ឌល​ ​ដែលក្រសួង ស.អ.យ និងយូនីសេហ្វ ព្រមទាំង​ដៃគូ​ដទៃទៀតកំពុងលើក​កម្ពស់​។ បើទោះ​ជាដូច្នេះក្ដី​ ការ​ថែទាំ​ក្នុង​ទម្រង់​ទាំងអស់​នេះ ​ទាម​ទារ​ឱ្យ​មានបទដ្ឋាន និង​ការ​ត្រួតពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បីធានាដល់កិច្ចការពារកុមារ​ និង​ឧត្តមប្រយោជន៍​របស់​កុមារ​។

ផែនការ​អភិវឌ្ឍសមត្ថភាពនេះ ​ក៏​បាន​រក​ឃើញ​​បញ្ហា​ប្រឈមចម្បងៗចំនួនពីរ​ដែល​នៅសេស​សល់ ហើយត្រូវដោះស្រាយមុន​ពេលចាប់​ផ្ដើម​ដំណើរ​ការ​ស្មុំ​កូនអន្តរ​ប្រទេសឡើងវិញ។ ទីមួយ ​ស្មុំ​កូនអន្តរ​ប្រទេស គប្បី​ត្រូវបាន​ដាក់បញ្ចូលឱ្យបានសម​ស្រប​ទៅក្នុង​ប្រព័ន្ធ​ការ​ពារកុមារ​ក្នុងប្រទេស​ ដោយ​ផ្តល់អាទិភាពលើដំណោះស្រាយថែទាំតាម​គ្រួសារ​ក្នុងប្រទេស​។ ទីពីរ ចាំ​បាច់​ត្រូវ​​អនុវត្តឱ្យ​បាន​គ្រប់​គ្រាន់​នូវ​​ក្របខ័ណ្ឌ​ច្បាប់​ជាធរមាន តាមរយៈ​ការធានា​ឱ្យ​បាន​ថា អាជ្ញាធរ​ទាំងអស់ដែល​ចូលរួមនៅ​ក្នុង​នីតិវិធី​ស្មុំកូន មាន​អំណាច​ ធនធាន​ ចំណេះដឹង​ និង​បទ​ពិសោធចាំ​បាច់​​ ពាក់ព័ន្ធនឹងកិច្ចការពារ​កុមារ និងស្មុំកូននៅក្នុងប្រទេស។​

នៅក្នុងពិធីផ្សព្វផ្សាយ​ថ្ងៃ​នេះ ​ក្រសួង ស.អ.យ ក៏​បានផ្សព្វ​ផ្សាយ​នូវ​ការ​សិក្សា​ស្ដីពី​ការអនុវត្ត​ថែទាំជំនួសចំពោះកុមារ​​នៅសហគមន៍ក្នុងប្រទេស​កម្ពុជា​ រាប់បញ្ចូលការថែទាំ​នៅតាម​វត្ត​អារាម​ផងដែរ។ ការសិក្សានេះ គឺជា​ការសិក្សា​លើក​  ទីមួយក្នុងវិស័យ​នេះ​ ដែលបង្ហាញ​ឱ្យ​ឃើញ​អំពី​ទម្រង់នៃការថែទាំជំនួសផ្សេងៗ ដែលបាននឹង​កំពុង​អនុវត្តន៍នៅ​ក្នុងសហគមន៍​។

ការ​សិក្សា​បាន​រក​ឃើញ​ថា កន្លែងថែទាំដោយគ្រួសារសាច់​ញាតិ និង​ដោយ​ឪពុកម្ដាយធម៌​ទាំងអស់ ពុំសុទ្ធតែបានចុះ​បញ្ជី​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានោះ​ទេ ម្យ៉ាងវិញទៀត ​គ្រួសារសាច់​ញាតិ​ និងឪពុកម្ដាយធម៌ដែលផ្តល់ការថែទាំកុមារ​ គប្បីត្រូវបាន​ប៉ាន់ប្រមាណ រៀបចំត្រៀមលក្ខណៈ និងទទួលបានកិច្ចគាំទ្រឱ្យបាន​ប្រសើរជាង​នេះ​។

បន្ថែមពី​នេះទៀត នៅ​ពុំទាន់​មាន​បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ​កុមារ​នៅតាមអន្តេវាសិកដ្ឋានដែល​​ផ្ដល់កន្លែង​ស្នាក់នៅដល់សិស្សគួរ​ផ្ដល់​ព័ត៌មាន​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​អំពី​ចំនួន​កុមារដែល​កំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននោះ​​។ លើសពី​នេះ ការសិក្សា​បាន​ស្នើ​ថា​ វត្តអារាម និងមណ្ឌលសាសនា​ដទៃទៀត​ ដែលផ្តល់ការថែទាំកុមារ​លើស​ពី​១០នាក់ គប្បី​ជ្រើសរើស​អ្នក​ថែទាំ​ម្នាក់ដែលបាន​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ដើម្បីបម្រើការងារផ្តល់ការថែទាំពេញម៉ោង​។

ការសិក្សា​នេះក៏​បាន​ផ្ដល់​អនុសាសន៍​​ឱ្យ​បង្កើនចំនួន​បុគ្គលិក​សង្គមកិច្ច ដែលមានអាជីពវិជ្ជាជី​វៈ​​នៅក្នុងក្រសួង ស.អ.យ និងអង្គការដៃ​គូ​ ដើម្បីធ្វើ​ការ​គ្រប់​គ្រង​ករណី និងផ្តល់សេវា​គាំ​ទ្រ​ដល់​កុមារ​ និង​គ្រួសារ​ងាយរង​គ្រោះ​នៅក្នុងសហគមន៍ ឱ្យ​បាន​សមស្រប​។

លោក វង​ សូត​ មាន​ប្រសាសន៍​ថា “ក្រសួង ស.អ.យ ពិចារណា​ទៅលើអនុសាសន៍ស្តីពីការ​បង្កើន​ចំនួន​បុគ្គលិក​សង្គមកិច្ច​ដែលបានទទួល​ការ​បណ្ដុះ​បណ្ដាល ជា​អាទិភាព មិនមែន​​សម្រាប់តែកិច្ចការពារ​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការ​អនុវត្តប្រកបដោយជោគជ័យនូវកិច្ចខិតខំផ្នែកគាំពារសង្គម រាប់បញ្ចូល​ទាំង​កម្ម​វិធីជាតិ​សង្ឃហធម៌សង្គមផងដែរ​”។  ឯកឧត្តមបាន​បន្ថែម​ថា “​ដោយ​មាន​កិច្ចគាំ​ទ្រ​ពីយូនីសេហ្វ ក្រសួង ស.អ.យ ​កំពុង​អនុវត្ត​​ករណីគំរូ​មួយសម្រាប់​ការងារសង្គមកិច្ច ដែលយើង​នឹង​ប្រើ​ប្រាស់ករណីនេះ​ដើម្បី​ស្វែងរក​មតិគាំទ្រ​ដើម្បី​បង្កើន​ការវិនិយោគលើធនធាន​ហិរញ្ញវត្ថុ និង​ធនធាន​មនុស្សនៅកម្រិត​ថ្នាក់ជាតិ​ លើការ​ងារ​សង្គមកិច្ច​”  ៕

បញ្ជាក់ ៖ 

ឯកសារ​ទាំងពីរអាច​ស្វែងរក​បាននៅក្នុងវេបសាយយូនីសេហ្វ៖ https://www.unicef.org/cambodia  (ឯកសារ​ទាំងពីរ​នេះក៏​នឹង​​មានផ្សព្វផ្សាយ​នៅក្នុងវេបសាយ​របស់ក្រសួង ស.អ.យ នា​ពេល​ឆាប់ៗ​នេះ​ផងដែរ​)

សម្រាប់ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​៖

...

  • លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃក្រសួង ស.អ.យ
    អ៊ីម៉េល៖ [email protected]; ទូរស័ព្ទលេខ​៖ (+៨៥៥) ០៩២ ៤៦២ ២៦៣
  • អ្នកស្រី អ៊ីម៉ាន ម៉ូរូខា ប្រធាន​ផ្នែកទំនាក់​ទំនង ​យូនីសេហ្វ​ប្រចាំប្រទេស​កម្ពុជា​
    អ៊ីម៉េល៖  imorooka@unicef.org; ទូរស័ព្ទលេខ៖ (+៨៥៥) ០៩២ ៥៥៥ ២៩៤
  • លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់​ទំនង​ ​យូនីសេហ្វប្រចាំប្រទេស​កម្ពុជា​
    អ៊ីម៉េល៖  [email protected], ទូរស័ព្ទ​លេខ៖  (+៨៥៥) ០១២ ៧៣៣ ៩០៩

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print