ករណីឧកញ៉ា ឡេង ហ៊ួរ ប្រើហឹង្សាវាយសន្ដិសុខក្រុមហ៊ុនឯកជនម្នាក់ បណ្ដាលឲ្យបែកក្បាលនោះ សមត្ថកិច្ច នឹងបញ្ជូនសំណុំរឿង ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ បើតាមសំដីមន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់ភ្នាក់ងារ សារព័ត៍មាននៅរសៀលថ្ងៃនេះ ករណីសំណុំរឿងឧកញ៉ា ឡេង ហ៊ួរ ដែលយកអំបោសវាយសន្ដិសុខក្រុមហ៊ុនឯកជនម្នាក់ បណ្ដាលឲ្យបែកក្បាលដេរអស់៥ថ្មេរនោះ នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

  គួរលឹកថា៖ បុរសជាសន្តិសុខម្នាក់ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួស ដើម្បីប្តឹងទៅលើម្ចាស់ផ្ទះដែលខ្លួន ត្រូវបានជួលឲ្យមកយាម ដោយម្ចាស់ផ្ទះរូបនេះបានយកដងអំបោសវាយគាត់បែកក្បាលដេរអស់៥ថ្មេរ។ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសសន្តិសុខខាងលើមានឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ បានប្រាប់ថា ម្ចាស់ផ្ទះចិត្តព្រៃផ្សៃដែលបង្ករបួសស្នាមលើខ្លួនលោកនោះ មានឈ្មោះ ឡេង ហ៊ួរ ហើយជនរងគ្រោះបានអះអាងថា ថៅកែរបស់ខ្លួននេះមានងារជា «ឧកញ៉ា» ទៀតផង។

បុរសរងគ្រោះឈ្មោះ ព្រុំ សារ៉េត បាននិយាយថា មុនពេលកើតហេតុ រូបគេអង្គុយយាមកាមនៅក្នុងផ្ទះរបស់លោកឧកញ៉ា ឡេង ហ៊ួរ រួចក៏បានដេកលក់មួយភាំង លុះដល់ម៉ោង១០ យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡេង ហ៊ួរ ឃើញសន្តិសុខដេកលង់លក់ដូច្នេះ ក៏យកដងអំបោសសំពងក្បាល ចំនួន៣អំបោស បណ្តាលឲ្យបែកហូរឈាមតែម្ដង។

ក្រោយពេលដែលទទួលរងនូវការវាយដំ ពីសំណាក់លោកឧកញ៉ា ឡេង ហ៊ួរ ក៏មានអង្គរក្សម្នាក់បានស្រែកគំរាមថា ចេញឲ្យឆ្ងាយទៅ ប្រយ័ត្នគាត់ចូលទៅក្នុង ចេញមកវិញយកកាំភ្លើងមកបាញ់ រួចគាត់ក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាប១ តែដោយមិនបានជួបសមត្ថកិច្ច រូបគេក៏ត្រលប់ទៅផ្ទះវិញទៅ។

លុះស្អែកឡើង វេលាថ្ងៃត្រង់ ទើបរូបគេបានធ្វើដំណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងទៅលើលោកឧកញ៉ា ឡេង ហ៊ួរ ម្តងទៀត ដើម្បីឲ្យនគរបាលអន្តរាគមន៍ និងរកយុត្តិធម៌ជូនរូបគេ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print