ភ្នំពេញ៖ បុរសម្នាក់អង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិ បែរជាទាស់សម្ដីជាមួយគូដណ្តឹង ក៏ស្ទុះរត់ឡើងទៅលើផ្ទះជាន់ទី៥ រួចលោតប៉ងសម្លាប់ខ្លួន សំណាងបានទាក់នឹងមែកឈើ
បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចជិតសណ្ឋាគារស ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្តកិច្ចបានឲ្យដឹងថាជនរងគ្រោះបានលោតពីលើផ្ទះជាន់ទី៥រងបួសធ្ងន់មានឈ្មោះ ឡុង ម៉ៃ អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតតាកែវ។ ចំណែកស្ត្រីជាគូដណ្តឹងមិនស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលផឹកស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេននិងជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិដ៏ទៃទៀត ខណ:ដែលជនរងគ្រោះផឹកបណ្ដើរ ចុចទូរសព្ទបណ្ដើរ លុះពេលកើតហេតុ ស្រាប់តែជនរងគ្រោះរត់ឡើងទៅលើដំបូលផ្ទះ(មិនដឹងថាមានបញ្ហាអ្វីនោះទេ) ហើយណាមួយពួកគេនឹកស្មានមិនដល់ដែរ ថាជនរងគ្រោះបែរជាធ្វើអត្តឃាតខ្លួនដូច្នេះសោះ លុះពេលជនរងគ្រោះលោតពីលើផ្ទះ ដែលខាងក្រោមមានដើមឈើមួយដើម ពេលធ្លាក់មកទាក់មែកឈើហើយទើបធ្លាក់ដល់ក្រោម បណ្តាលឲ្យរបួសបាក់ជើងខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោម និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុផងដែរ។
ក្រោយមក គេឃើញមានសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ មកដល់ចំណុចកើតហេតុ ស្រែកយំទ្រហោយ៉ាងខ្លាំង ហើយមាននារី២នាក់ ក្នុងនោះម្នាក់ជាគូដណ្តឹងរបស់ជនរងគ្រោះ មកអង្គុយយំឱបគ្នា ក្រោយមករថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតបានមកដល់ រួចពិនិត្យស្ថានភាពរបួស និងបំពាក់ឧបករណ៍សង្គ្រោះបឋមសិន រួចដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំបុរសម្នាក់ ដែលផឹកស៊ីជាមួយជនរងគ្រោះ និងនារីទាំង២នាក់នោះ មកប៉ុស្តិ៍នគរបាលមនោរម្យ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីបុរសម្នាក់លោតសម្លាប់ខ្លួននេះ៕
ដោយ៖ ជ្រោយពេជ្រ