ដួង ម៉ានិច រវល់ការងារសិល្បៈយ៉ាងណាក៏ត្រូវតែឆ្លៀតធ្វើបុណ្យដាក់ទាន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងពិធីកាន់បិណ្ឌទី៧នេះ គេបានឃើញវត្តមានតារាសម្តែង ដួង ម៉ានិច ធ្វើដំណើរទៅកាន់វត្តសារាវ័ន្តតេជោ នៅរាជធានីភ្នំពេញ ។ នាងថា ទោះជាមមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏នាងត្រូវតែឆ្លៀតរៀបចំចង្ហាន់ប្រគេនព្រះសង្ឃនៅតាមទីវត្តអារ៉ាមបានមួយចំនួនផងដែរ ។

កញ្ញា ដួង ម៉ានិច ប្រាប់ថា នេះគឺជាវត្តទី២ក្នុងអំឡុងឱកាសកាន់បិណ្ឌ ដែលជាពិធីបុណ្យសាសនាធំមួយរបស់ប្រជាជនខ្មែរ ។

កញ្ញាបានបន្តថា ថ្ងៃនេះនាងបានរួមដំណើរជាមួយសាច់ញាតិបងប្អូន ដើម្បីប្រគេនចង្ហាន់ និងរៀបចំពិធីបង្សុកូលឧទ្ទិសកុសល្យផលបុណ្យដល់ជីដូនជីតាសាច់ញាតិដែលបានចែកឋានទៅ ហើយគោលបំណងនេះក៏មិនខុសពីប្រជាជនខ្មែរទូទាំងប្រទេសនោះដែរ ។

នាងថា “រវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ព្រោះក្នុងនាមជាកូនខ្មែរគោរពជឿលើសាសនាព្រះពុទ្ធ ហើយខ្ញុំក៏បួងសួងសុំសេចក្តីសុខចម្រើន និងឆ្លៀតធ្វើបុណ្យដាក់ទានតាមលទ្ធភាព” ។ នាងបន្តថា ថ្ងៃទី០២ខែតុលានេះនាងមានគម្រោងធ្វើដំណើរជាមួយសាច់ញាតិដើម្បីចូលរួមពិធីកាន់បិណ្ឌនៅវត្តព្រះធាតុនៅខេត្តកំពង់ឆ្នាំងផងដែរ ។

នាងថា ទីនោះឆ្ងាយបន្តិចពីភ្នំពេញ និងទីប្រជុំជនដែលពុទ្ធបរិស័ទ្ធមិនច្រើនកុះករដូចទីវត្តអារាមទីប្រជុំជននោះទេ ។ នាងថា នាងធ្វើដំណើរទៅទីនោះ ក៏ជាទីកន្លែងដែលនាងទើបនឹងបញ្ចប់ការថតភាពយន្តភាគរឿង “ដែនដីស្នេហ៍អាថ៌កំបាំង” ដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍PNNក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ក្នុងឱកាសភ្ជុំបិណ្ឌនេះដែរនាងក៏នឹងធ្វើដំណើរទៅកាន់ទឹកដីនៃស្រុកកំណើតនាខេត្តបន្ទាយមានជ័យដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិនៅទីនោះ និងមានឱកាសធ្វើបុណ្យដាក់ទានតាមលទ្ធភាពរួមគ្នាជាមួយក្រុមគ្រួសារ ។ ក្នុងឱកាសនេះផងដែរនាង ក៏សូមជូនពរឲ្យប្រជាជនខ្មែរជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន សុភមង្គល រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ សូមឲ្យដំណើរកម្សាន្ត និងជួបជុំក្រុមគ្រួសារសាច់ញាតិគ្រប់ជួបតែសុខសុវត្ថិភាពគ្រប់ៗគ្នា៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print