ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌដង្កោប្រាប់ឲ្យដឹងថា ការណីរថយន្ត លុចស៊ីស RX 300 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ ហើយបានបែកកង់មុខ រេចង្កូតទៅបុកម៉ូតូ គុប ជ្រុង មួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ទទួលរងរបួសធ្ងន់នោះ ត្រូវបានបញ្ចប់សំណុំរឿងត្រឹមសំណង ជូនជនរងគ្រោះ ចំនួន១៥០ដុល្លារប៉ុណ្ណោះ ។
ជនរងគ្រោះឈ្មោះ លន់ ឃុន ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសក្បាល ជង្គង់ខាងឆ្វេង និងចិញ្ចើមខាងឆ្វេង
សមត្ថកិច្ចប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយមុនពេលកើតហេតុ រថយន្ត លុចស៊ីស RX 300ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9469 បើកបរដោយជនជាតិចិន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខផ្នែកខាងឆ្វេង ជ្រុលចង្កូតទៅបុក ម៉ូតូ មួយគ្រឿង ម៉ាក គុបជ្រុង ពណ៍ ខៀវចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-4811 បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូ ទទួលរងរបួសធ្ងន់ ។ ដោយឡែករថយន្ត និងម៉ូតូ បានធ្លាក់ចូលប្រឡាយទឹក រងការខូចខាតទាំងសង្ខាង ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅយកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
បើតាមប្រភពពីសមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសារតែខាងភាគីរថយន្ត លុចស៊ីស RX300 បើកបរដោយជនជាតិចិននោះ បែកកង់ខាងមុខ ទើបបានរេចង្កូតទៅបុកម៉ូតូ គុប ជ្រុង របស់ជនរងគ្រោះបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសបែបនេះ ៕
ដោយ៖ ភារ៉ា ដង្កោ