ខេត្តកណ្តាល៖ ផ្ទះឈើចំនួន៣ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុងក្នុងពេលតែមួយ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិគគីរធំ និងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកនូ ពីប៉ូ នាយប៉ុស្តិ៍នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានអោយដឹងថា ក្នុងយប់ថ្ងៃទី២៥ ខែវិច្ឆិការ ដែលជាថ្ងៃអកអំបុក សំពះព្រះខែនេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុងដោយសារភ្លើងធូប ទាន ដែលអុចទុកចោល នៅក្នុងផ្ទះ ។
ករណីទី១ : ផ្ទះលក់ចាប់ហ៊ួយមួយកន្លែងស្ថិតក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១០,២០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៥ បណ្តាលទ្រព្យ សម្បត្តិក្នុងផ្ទះរួមមាន កង់២ ,គ្រែ២ ,មាស១តម្លឹង និងប្រាក់មួយចំនួនត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយឡែកម្ចាស់ផ្ទះ ឈ្មោះឌឿក ឌីម៉ង់ ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ដួង សាវ៉ាត អាយុ៤៥ឆ្នាំ មិនមានគ្រោះថ្នាក់នោះឡើយ ។ ១០នាទីក្រោយមកផ្ទះ ២ខ្នងទៀតត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ម្ចាស់ផ្ទះទី១ឈ្មោះចឹក ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ សុន ថាវី អាយុ៣៤ឆ្នាំ និងម្ចាស់ផ្ទះទី២ មានឈ្មោះអឹង សោភា ភេទប្រុស អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះអ៊ិកអ៊ាក់ ស្រស់ អាយុ៤២ឆ្នាំ ។
លោកនាយប៉ុស្តិ៍បានបន្តថា អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋទាំង២កន្លែងនេះកើតឡើងដោយសារម្ចាស់ផ្ទះអុចទាន ធូប ទុកចោល បណ្តាលអោយកើតចេញជាអគ្គីភ័យបំផ្លាញផ្ទះសម្បែង និទ្រព្យសម្បត្តិអស់ជាច្រើន តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
លោកអ៊ូ ឈាង អភិបាល ស្រុកកៀនស្វាយបានអោយដឹងដែរថា អាជ្ញាធរទទួលបានពត៍មានពីករណីអគ្គីភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋចំ៣ខ្នងនេះហើយ ឥឡូវកំពុងតែធ្វើរបាយការណ៍បញ្ជូនមកថ្នាក់ខេត្តដើម្បីនាំយកអំណោយសង្គ្រោះបន្ទាន់ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ។ អំណោយទាំង នោះនិង នាំយកទៅប្រគល់ ជូនក្រោយពីចប់ពិធីបុណ្យអំទូក អកអំបុក និង សំពះ ព្រះខែ ដើម្បីសម្រាល ការលំបាកបាន មួរយៈ ។
ជាមួយគ្នានេះដែរ ក្នុងនាមអាជ្ញាធរស្រុកសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯងចំពោះភ្លើងទាន ភ្លើងធូប ដែលអុចនៅលើអាសនៈ មិនត្រូវអុចទុកចោលនោះឡើយ ដូចជាករណីនេះឥញ្ចឹង គឺកើតឡើងដោយសារភ្លើងទានភ្លើងធូបអុចទុកចោលក៍បង្កជាអគ្គីភ័យតែម្តង ៕
ដោយ៖ សណ្តោស