ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ចែករំលែក៖

ភ្នំពេញ​៖ថ្ងៃអង្គារ៍​ ទី២ ខែតុលា ឆ្នាំ២០១៨ នេះ​ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

ក្រុមគណៈប្រតិភូនេះត្រូវបានដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាធុរកិច្ច ដោយមានការអមដំណើរពីលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុន អាមេរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុនAstraZeneca ក្រុមហ៊ុនChevron ក្រុមហ៊ុនCoca-Cola ក្រុមហ៊ុនDupont ក្រុមហ៊ុនFord ក្រុមហ៊ុនHerbalife ក្រុមហ៊ុនMastercard ក្រុមហ៊ុន RMA Group និងក្រុមហ៊ុន Visa ។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិ ការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។

ក្រុមប្រឹក្សានេះដើរតួជាសំឡេងមួយនៃវិស័យ ឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ និងគម្រោងកំពុងដំណើរការបន្ត ដែល ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជា ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ និងគោលដៅផែនការរយៈពេល១០០ថ្ងៃនៃអាណត្តិទីប្រាំមួយ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីក្រុមប្រឹក្សាភស្ដុភារកម្មជាតិ និងផែនការមេជាតិភស្ដុភារកម្ម ដែលនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មឈានមុខគេប្រចាំតំបន់អាស៊ាន។

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការ ប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះតំណាងមកពីក្រុមហ៊ុនVisa និងក្រុមហ៊ុន MasterCard ដោយសង្ឃឹមថា កាតឥណទានរបស់ក្រុមហ៊ុនទាំងនេះអាចផ្តល់ជម្រើសជាច្រើនថែម ទៀតឱ្យប្រជាពលរដ្ឋកម្ពុជា សម្រាប់ការទូទាត់តាមអនឡាញ ដែលជាមធ្យោបាយមួយក្នុងការធ្វើទំនើប កម្មសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋកម្ពុជា។

លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនកាតឥណទាន ទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីស្វែងយល់ពីឱកាស ទូទាត់តាម អនឡាញកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print