ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញកាន់បិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តចំពុះក្អែក។
នៅក្នុងពិធីកាន់បិណ្ឌព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ និងសំរាប់ទុកកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនា។