សាខាកាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យទំនិញបន្លែផ្លាឈើ សាច់ គ្រប់ប្រភេទ​ រកឃើញងៀតត្រី​បបែល ផ្អែមស្រស់ចំនួន១៥គីឡូក្រាម មានសារធាតុគីមី បូរ៉ាក់ ដែលប៉ះពាល់ដល់សុខភាព ដូចជា ខូចក្រពះពោះវៀន ក្រលៀនយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តស្វាយរៀង ​៖ នៅ​ក្នុងឪកាស​ភ្ជុំបិណ្ឌនេះ សាខាកាំកុងត្រូល ខេត្តស្វាយរៀង ចុះពិនិត្យទំនិញបន្លែផ្លាឈើ សាច់ គ្រប់ប្រភេទ​ រកឃើញងៀតត្រី​បបែល ផ្អែមស្រស់ចំនួន១៥គីឡូក្រាម មានសារធាតុគីមី បូរ៉ាក់ ដែលប៉ះពាល់ដល់សុខភាព ដូចជា ខូចក្រពះពោះវៀន ក្រលៀនយ៉ាងធ្ងន់ធ្ងរ និងអាចបង្កអោយបែកឈាម តាមរោមទៀតផង ។ នេះជាការលើកឡើង របស់ លោក ផឹង និល ប្រធានសាខាកាំត្រូល ខេត្តស្វាយរៀង ​នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨​​ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង​។

លោកបានឲ្យដឹងទៀតថា ដោយមានការណែនាំពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

ការចុះពិនិត្យមុខទំនិញ នៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើ​សុវត្ថិភាព ម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃ ភាពរស់រាននៃជីវិត​។

ប្រធានសាខារូបនេះ ​ក៏បានអំពាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះ ការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅ បរិភោគជាពិសេសនៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនិង ត្រូវចូលរួមលើកកម្ពស់ សុខមាលភាពទាំងអស់គ្នា ។ មន្ត្រីកាំកុងត្រូល​ បានឲ្យអ្នកលក់ ងៀតត្រី​បបែល ​ធ្វើកិច្ចសន្យា ដោយមិនឱ្យបងប្អូនអាជីវករដាក់លក់តទៅទៀត​ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print