មុខសញ្ញា​​លួច​ឆក់​យ៉ាង​សកម្ម ត្រូវ​បាន​ចាប់​ខ្លួន​ និង​ស្រាវជ្រាវ​រក​ឃើញ​ទី​កន្លែង​លាក់​ខ្លួន​ ឃើញ​វត្ថុ​តាង​ផ្សេង​ៗ​ មាន​ស្លាក​លេខ​ម៉ូតូ​ចំនួន​៥​បន្ទះ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​តុលា ​ឆ្នាំ​២០១៨​ ​ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ខ្លួន​មុខ​សញ្ញា​លួច​ឆក់​ យ៉ាង​សកម្ម​ ៣​នាក់​ ឲ្យ​អ្នកសារព័ត៌មានបានឃើញ ។

លោក​វរសេនីយ៍​ឯក​ស៊ុត​ សំអុន​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​១៨:៣០​ នាទី​ ព្រលប់​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវកែងអិលវី ភូមិ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​កើតឡើង នូវ​បទល្មើស​ ឆក់​យក​ទូរ​សព្ទ័​ដៃ​ របស់​ស្រ្តី​ជនជាតិចិន​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ជនសង្ស័យមាន​គ្នា​ ២នាក់ ជិះម៉ូតូហុងដា ​ឌ្រីម ឆ្នាំ២០១៨ ពណ៌ខ្មៅមួយ​គ្រឿង​ លេខព្រះសីហនុ 1H-7241។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំងជំនាញ​ បាន​ស្វែងរក​ជនសង្ស័យ​ ដែលជិះម៉ូតូ​ដូចមានភិនភាគខាងលើ​ ក៏បាន​ប្រទះឃើញ​ ជន​សង្ស័យ​ដឹងខ្លួន បានជិះម៉ូតូរត់គេច ហើយ​បោះទូរស័ព្ទ​ចោល​ នៅ​មុកមន្ទីរ​ពេទ្យ​អន្តរជាតិ​ មាន​គេរើសយកទៅបាត់​ទៅ។ កម្លាំងសមត្ថកិច្ច​ បានដេញ​មក​ដល់​ មុខ​ហាង​ឌឹភីហ្សាខមភេនី ទើបឃាត់ខ្លួនបានជនសង្ស័យ បាន​២នាក់​ ៖

១-ឈ្មោះ វណ្ណ ច័ន្ទឆានុន ភេទប្រុស អាយុ ១៧ឆ្នាំ​សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ( ជា​អ្នកបើកម៉ូតូ ) ។

២-ឈ្មោះ ខៀវ សុជា ភេទប្រុស អាយុ ១៥ឆ្នាំ សិស្ស​ មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ( អ្នក​ជិះ​ពីក្រោយ​ ជា​អ្នក​ឆក់ ) និង​ ចាប់យកបាន​ ម៉ូតូ​ហុងដា​ឌ្រីម ឆ្នាំ​២០១៨ មួយ​គ្រឿង​ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241​ មធ្យោបាយធ្វើសកម្មភាព ) ។

ម្ចាស់​ទូរ​សព្ទ័​ជា​ស្ត្រី​ជនជាតិចិន មិនបានមកដាក់ពាក្យបណ្តឹងឡើយ ទូរស័ព្ទ​ ដែល​បាត់ម៉ាក IPHONE X ពណ៌ស ។

ទាក់ទង​ទៅ​ នឹង​ ការ​បង្ក្រាប​បទល្មើស​ខាង​លើ​នេះ​ លោក​វរសេនីយ៍​ឯក​ ស៊ុត​ សំ​អុន​ បាន​ឲ្យ​ដឹង​ថាៈ​ ក្រោម​ការ​បញ្ជា​ ដឹកនាំ​ផ្ទាល់​ របស់​លោក​ឧត្តម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​បើក​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​មួយ​ រក​ឃើញ​ទី​កន្លែង​លាក់​ខ្លួន​ របស់​ក្រុម​ចោរ​ លួច​ឆក់​យ៉ាង​សកម្ម​ បាន​ឆែករក​ឃើញ​ឧបករណ៍​សំរាប់​កាច់​សោម៉ូតូ​ ស្លាក​លេខ​ម៉ូតូ​ចំនួន​៥​បន្ទះ​ មាន​ទីតាំង​នៅ​ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​អូរ​ឧកញ៉ា ស្រុកព្រៃនប់​ និង​ចាប់​ខ្លួន​គ្នា​វា​បាន​ម្នាក់ទៀត​ នៅ​សល់​៤នាក់​ កំពុង​គេច​ខ្លួន​។

ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​កសាងសំណុំរឿង​តាម​នីតិវិធី​ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print