ឥណ្ឌូនេស៊ីទទួលបានជំនួយបន្ទាន់១៥លានដុល្លារ ពីអង្គការសហប្រជាជាតិ ខណៈអ្នកស្លាប់បន្តកើនឡើង

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ផ្សាយថា អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ សប្ដាហ៍នេះ បានប្រកាសផ្ដល់ជំនួយ ១៥លានដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាជនរងគ្រោះ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ជំនួយជាថវិកាទាំងនេះបានមកពីមូលនិធិ នៃមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ នឹងជួយដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការផ្ដល់ជំនួយដល់ប្រជាជនឥណ្ឌូណេស៊ីរាប់ម៉ឺននាក់ ដែលកំពុងត្រូវការជំនួយជាបន្ទាន់។ បន្ថែមពីលើនេះមូលនិធិទាំងនេះទៀតសោត ក៏នឹងគំាទ្ររដ្ឋាភិបាលទីក្រុងហ្សាការតាផងដែរ ក្នុងការចំណាយលើជំរកស្នាក់នៅបណ្ដោះអាសន្ន ទឹកស្អាត សេវាកម្មថែទាំសុខភាព និងសេវាកម្មការពារជាច្រើនទៀត។

គួរបញ្ជាក់ថា បើតាមតួលេខផ្លូវការគិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្ស ១,២៣៤នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើទីក្រុង ផាលូ (Palu) នៃកោះ Sulawesi ។

នៅពេលនេះដែរ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដ៏មហាប្រល័យបានកើនដល់ ១,៤០៧នាក់ហើយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ រសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះរបស់ពួកគេ ស្របពេលការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ បានបញ្ជូនជាបណ្ដើរទៅកាន់តំបន់រងគ្រោះ ជាទីដែលអ្នកនៅរស់រានមានជីវិតកំពុងគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បានផ្ទុះឡើងផងដែរ ដោយប៉ូលិសបានបង្កើនការយាមកាមនៅតាមហាងទំនិញ ជាច្រើនដើម្បីទប់ស្កាត់អំពើលួច ឬប្លន់ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print