រថយន្តឡិចស៊ីសRX300 បើកចុះពីលើស្ពានអាកាសក្បាលថ្នល់ បុករះរថយន្ត៣គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួន៤គ្រឿង បានរងការខូចខាត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ខណៈដែលរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង បើកចុះពីស្ពានអាកាសក្បាលថ្នល់ ទៅបុកពីក្រោយរថយន្តCHEVROLET MINI ហើយរុញទៅបុករថយន្ត Highlander នឹងរថយន្ត Lexus 570 ពីរគ្រឿងទៀត បណ្ដាលឲ្យរថយន្តCHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀតខូចខាតបន្តិចបន្តួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការកកស្ទះខ្លាំងនៅចំណុចកើតហេតុខាងលើ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0032 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ទៀត ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ខណៈបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3821 បើកបរដោយយុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ ) បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខូចខាតខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួច ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ រួចឲ្យភាគីរថយន្តទាំង៤គ្រឿង បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក ស្ទះ និង មមាញឹក យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ និងមិនខូចខាតអ្វីធ្ងន់ទេ ម្ចាស់រថយន្ត ស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ (ដោយមិនទាមទារសំណងអ្វីនោះទេ) ។

ក្រោយកើតហេតុ នៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅតំណាងនិងបងប្អូនមកជួយចរចា និងដោះស្រាយគ្នា ជិតកន្លះម៉ោង រួចមកទើបបុរសដែលបើករថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងតែម្តង  ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print